គម្រោងសាងសង់អគារ FTB TOWER ដែលជាទីស្នាក់ការកណ្ដាលថ្មីរបស់ធនាគារ FTB ត្រូវបាន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់ទុកថា ជាការរួមចំណែកជាមួយនឹង រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវគោលនយោបាយ សេដ្ឋកិច្ចទីផ្សារ ការប្រកួត ប្រជែងនៅក្នុងទីផ្សារពលកម្មអន្តរជាតិ នៅ កម្ពុជា។
ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងអគារ FTB TOWER ដែលស្ថិតនៅដីឡូតិ៍លេខA មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២២ មេសា ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសាទរចំពោះការរីកចម្រើនរបស់ ធនាគារ FTB និងបានរម្លឹកឡើងវិញអំពីអតីតកាលរបស់ FTB ដែលកាលពីដើមមានបុគ្គលិកត្រឹមតែ ៩០ នាក់ប៉ុណ្ណោះ ប៉ុន្តែ បច្ចុប្បន្ន មានរហូតដល់ ៥០០ នាក់។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានអះអាងថា អគារ FTB Tower នេះ ក្រោយពេលបញ្ចប់ការសាងសង់ នឹងក្លាយជាអគារខ្ពស់ថ្មីមួយបន្ថែមទៀតនៅ កម្ពុជា។
គម្រោងអគារ FTB Tower ដែលត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាពេលនេះ គឺមានកម្ពស់ ២៨ ជាន់ ស្មើនឹង ១៥៧ ម៉ែត្រ និងមានទំហំ ៧៧,៥៩៣ ម៉ែត្រក្រឡា។ គម្រោងអគារនេះនឹងត្រូវចំណាយពេលសាងសង់ ៣៦ ខែ ដោយប្រើប្រាស់ទុនវិនិយោគ ១១២ លានដុល្លារអាម៉េរិក៕