ក្រសួងសេដ្ឋកិច្ច ឧស្សាហកម្ម និងពាណិជ្ជកម្មជប៉ុន នាថ្ងៃទី ២២ មេសានេះ បានប្រកាសថា ប្រទេសនេះនឹងធ្វើការលក់ដេញថ្លៃប្រេង ៤.៨ លានធុង ពីឃ្លាំងយុទ្ធសាស្ត្រនៅថ្ងៃទី ១០ ឧសភាខាងមុខ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អង្គការថាមពលអន្តរជាតិ (IEA) ដើម្បីបញ្ចុះតម្លៃប្រេងសាំងពិភពលោក។
នៅដើមខែនេះ នាយករដ្ឋមន្ត្រី Kishida Fumio ប្រកាសថា ជប៉ុន នឹងបញ្ចេញប្រេង ១៥ លានធុងពីឃ្លាំងជាតិ ដែលនេះគឺជាតួលេខខ្ពស់បំផុតនៅក្នុងយុទ្ធនាការរបស់ IEA។ ក្នុងចំណោម ១៥ លានធុងនោះ មាន ៦ លានធុងនឹងបញ្ចេញពីឃ្លាំងឯកជន និង ៩ លានធុងពីឃ្លាំងរបស់រដ្ឋ។
គិតមកដល់ចុងខែមករា ២០២២ ឃ្លាំងរបស់ ជប៉ុន មានប្រេងប្រហែល ៤៧០ លានធុង ប្រហាក់ប្រហែលនឹង ២៣៦ ថ្ងៃ នៃការប្រើប្រាស់ក្នុងប្រទេស។
យោងតាមប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច ឧស្សាហកម្ម និងពាណិជ្ជកម្មជប៉ុន ជំហានដំបូងនឹងបញ្ចេញប្រេង ១ លានធុងពីឃ្លាំងនៅ Kiire, ១.៨ លានធុងពីឃ្លាំង Shirashima, ២ លានធុងពីឃ្លាំង Kamigoto ដែលទាំងនេះសុទ្ធតែនៅភាគខាងត្បូងប្រទេស។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុន ក៏បញ្ជាក់ថា នឹងបញ្ចេញប្រេង ៤.២ លានធុងពីឃ្លាំងយុទ្ធសាស្ត្ររបស់ជាតិ នាពេលដ៏ខ្លីខាងមុខ ហើយថា នឹងមិនទិញប្រេងទៀតទេក្នុងរង្វង់ ៦ ខែ ដូចដែលបានយល់ស្របជាមួយនឹងបណ្ដាប្រទេសសមាជិករបស់ IEA កន្លងមក។ ការសម្រេចលើការទិញប្រេងចូលឃ្លាំងយុទ្ធសាស្ត្រវិញ នឹងត្រូវបានពិចារណាលុះណាតែមានកត្តាជាច្រើនដូចជា ការយល់ឃើញថ្មីរបស់ IEA, ការប្រែប្រួលនៃវិបត្តិនៅ អ៊ុយក្រែន និងកត្តាតម្លៃប្រេងរបស់ពិភពលោក៕