ទីប្រឹក្សារបស់ សេតវិមាន បានឱ្យដឹងថា រដ្ឋាភិបាលអាម៉េរិក កំពុងពិចារណាលើបញ្ហាបន្ធូរបន្ថយពន្ធចំពោះទំនិញទាំងឡាយណាដែលមិនមានលក្ខណៈជាយុទ្ធសាស្ត្រ និងជាទំនិញនាំចូលពី ប្រទេសចិន។
Daleep Singh ទីប្រឹក្សារងផ្នែកសន្តិសុខអាម៉េរិក ទទួលបន្ទុកវិស័យសេដ្ឋកិច្ចអន្តរជាតិ កាលពីថ្ងៃទី ២១ មេសា បានឱ្យដឹងថា វិធានការយកពន្ធលើការនាំចូលទំនិញមួយចំនួនមិនមានលក្ខណៈជាយុទ្ធសាស្ត្រ ដែលនាំចូលពី ប្រទេសចិន «បង្កើតជាឈ្នាន់សម្រាប់ការចរចា» ប៉ុន្តែ មិនបម្រើដល់គោលដៅយុទ្ធសាស្ត្ររបស់ អាម៉េរិក។ ការបន្ធូរបន្ថយពន្ធនាំចូលចំពោះក្រុមទំនិញខាងលើនេះគឺជាវិធានការមួយដើម្បីឱ្យរដ្ឋាភិបាលអាចទប់ទល់នឹងបញ្ហាអតិផរណា។
លោក Daleep Singh ឱ្យដឹងថា រដ្ឋាភិបាលរបស់លោក បៃដិន នឹងរក្សានូវការយកពន្ធលើការនាំចូលទំនិញទាំងឡាយណាដែលទាក់ទងនឹងចង្វាក់ផ្គត់ផ្គង់សំខាន់បំផុត បច្ចេកវិទ្យាស្នូលនានា និងសន្តិសុខជាតិ។ ពន្ធលើទំនិញប្រើប្រាស់ធម្មតាដូចជា កង់ និងសម្លៀកបំពាក់ជាដើម អាចត្រូវបានបន្ធូរបន្ថយ។
លោក Daleep Singh សង្កាត់ធ្ងន់ថា កិច្ចព្រមព្រៀងបន្ធូរបន្ថយពន្ធនាំចូល ត្រូវតែធ្វើឡើងជាលក្ខណៈទ្វេភាគី ក្នុងនោះ ប្រទេសចិន ត្រូវតែលុបចោលបទបញ្ជាដែលតម្រូវឱ្យយកពន្ធចំពោះទំនិញមួយចំនួនមិនមានលក្ខណៈជាយុទ្ធសាស្ត្រ ដែលទិញពី សហរដ្ឋអាម៉េរិក។