យោងតាមគេហទំព័ររបស់ ធនាគារជាតិនៃកម្ពុជា ធនបត្រ (ក្រដាសប្រាក់) អនុស្សាវរីយ៍ប្រភេទ ១៥,០០០ (មួយម៉ឺនប្រាំពាន់) រៀល របស់ កម្ពុជា នេះ ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសជា «ធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ ២០១៩ នាសន្និសីទស្ដីពីការបោះពុម្ភធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី ១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។
ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥,០០០ រៀលនេះ ត្រូវបាន ធនាគារជាតិនៃកម្ពុជា បោះពុម្ភ ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍គម្រប់ ១៥ ឆ្នាំ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។
កត្តាដែលបាននាំឱ្យក្រដាសប្រាក់នេះទទួលបានពានរង្វាន់ខាងលើគឺ ដោយសារតែបច្ចេកទេសនៃការផលិតក្នុងស្រុករបស់ ធនាគារជាតិនៃកម្ពុជា មានលក្ខណៈទំនើបកម្រិតខ្ពស់ និងសុវត្ថិភាព រួមនឹងការបញ្ចូលសិល្បៈនៃការរចនា និងបច្ចេកវិទ្យា ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ក្នុងប្រទេស និងមានបច្ចេកវិទ្យាខ្ពស់ទប់ទល់នឹងការក្លែងបន្លំ។ នេះបើតាមលិខិតចុះថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២២ របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា គោរពរាយការណ៍ជូន ប្រមុខរដ្ឋាភិបាល។
យោងតាម អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ពានរង្វាន់ប្រភេទខាងលើនេះ មិនត្រូវបានធ្វើជារៀងរាល់ឆ្នាំទេ ក៏ប៉ុន្តែ ធ្វើឡើងនៅពេលដែលមានវត្តមានធនបត្រដែលមានលក្ខណៈសម្បត្តិស័ក្តិសម ប្រកបដោយគុណភាព និងបច្ចេកទេសតែប៉ុណ្ណោះ។
Reconnaisance គឺជាស្ថាប័នអន្តរជាតិមួយដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៨ និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរូបិយបណ្ណដ៏មានឥទ្ធិពលនៅក្នុងឧស្សាហកម្មធនបត្រសកល និងជាប្រភពនៃព័ត៌មានអន្តរជាតិឈានមុខអំពីបច្ចេកវិទ្យាថ្មីៗនៃការផលិតធនបត្រ និងប្រព័ន្ធផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអត្តសញ្ញាណធនបត្រនីមួយ។ល។