សហភាពអឺរ៉ុប (EU) ប្រកាសថា បានអនុម័តលើបទបញ្ជាហាមនាំចូលធ្យូងថ្មពី ប្រទេសរុស្ស៊ី ហើយថា ការសម្រេចនេះនឹងមានសុពលភាពចាប់ពីខែសីហា ២០២២។
«កញ្ចប់ទណ្ឌកម្មត្រូវបានគណៈកម្មការអចិន្ត្រៃយ៍តំណាងប្រទេសនានារបស់ EU អនុម័តរួចហើយ» បារាំង ដែលជាប្រទេសកំពុងកាន់តំណាងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ប្រកាសកាលពីថ្ងៃទី ០៧ មេសា។
នេះគឺជាការដាក់ទណ្ឌកម្មលើកទី ៥ របស់ EU ប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៊ី នៅ អ៊ុយក្រែន។ សហភាពអឺរ៉ុប ក៏បានហាមការនាំចេញទំនិញតម្លៃ ១០.៩ ពាន់លានដុល្លារអាម៉េរិក ទៅកាន់ រុស្ស៊ី ក្នុងនោះ មានទាំងទំនិញបច្ចេកវិទ្យាជាន់ខ្ពស់ និងបង្កកទ្រព្យសម្បត្តិរបស់ធនាគារមួយចំនួនរបស់ រុស្ស៊ី។
ក្រៅពីការដាក់ទណ្ឌកម្មលើ រុស្ស៊ី EU ក៏បានគាំទ្រសំណើផ្ដល់ជំនួយជាអាវុធបន្ថែម ដែលមានតម្លៃ ៥៤៣ លានដុល្លារ ដល់ អ៊ុយក្រែន ដែលនេះធ្វើឱ្យកញ្ចប់ជំនួយសរុបឡើងដល់ ១.៦៣ ពាន់លានដុល្លារអាម៉េរិក។
នេះគឺជាលើកដំបូងដែល EU ដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់ រុស្ស៊ី។ បណ្ដាប្រទេសនៅក្នុង សហភាពអឺរ៉ុប នាំចូលធ្យូងថ្មពី រុស្ស៊ី ក្នុងតម្លៃ ៤.៣៥ ពាន់លានដុល្លារ/ឆ្នាំ។ បទបញ្ជានៃការដាក់ទណ្ឌកម្មខាងលើនេះនឹងមានសុពលភាពចាប់ពីដើមខែសីហាខាងមុខ។