ការព្រួយបារម្ភអំពីសេដ្ឋកិច្ចអាម៉េរិក មានសញ្ញានៃវិបត្តិ និងការដែលសង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន នៅបន្តឡើងកម្ដៅ អាចធ្វើឱ្យតម្លៃមាសឡើងដល់ ២,០០០ ដុល្លារអាម៉េរិក ក្នុង ១ អោន នៅក្នុងត្រីមាសទីពីរ នេះបើតាមអ្នកជំនាញការ។
ក្នុងត្រីមាសដំបូង តម្លៃមាសកើនជាង ៦% និងខ្ពស់បំផុតរាប់ចាប់ពីត្រីមាសទីបី ឆ្នាំ ២០២។ Frank Cholly អ្នកជំនាញជាន់ខ្ពស់ផ្នែកទីផ្សាររបស់ RJO Futures ឱ្យដឹងថា សេណារីយោវិជ្ជមានប្រហាក់ប្រហែលនេះ នឹងកើតឡើងក្នុងត្រីមាសទីពីរ ជាមួយនឹងគោលដៅ ២,០០០ ដុល្លារអាម៉េរិក ក្នុង ១ អោន (១ អោន-ounce ជិតស្មើនឹង ៨.៣ ជី)។
លោក Frank Cholly ព្យាករថា បើសិនតម្លៃមាសលោតឡើងផុតរង្វង់ ១,៩៥០-១,៩៧៥ ដុល្លារ/អោន នោះគោលដៅ ២,០០០ ដុល្លារ/អោន នឹងទៅដល់ក្នុងពេលឆាប់។
បន្ទាប់ពីដំណាក់កាលកើនឡើងយ៉ាងល្អនៅដើមឆ្នាំ តម្លៃមាសចាប់ផ្ដើមត្រីមាសថ្មីដោយការធ្លាក់ចុះ ៣០ ដុល្លារ ក្នុងថ្ងៃដំបូងនៃខែមេសា មកនៅត្រឹម ១,៩២៥.៥ ដុល្លារ/អោន។ ប៉ុន្តែ ក្រុមអ្នកវិភាគដែលកំពុងតាមដានលើការប្រាក់នៃមូលបត្របំណុលរបស់រតនាគារជាតិអាម៉េរិក យល់ថា តម្លៃមាសនៅសល់ចំណុចច្រើនទៀតដែលអាចលោតឡើង។
សង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន ត្រូវបានគេព្យាករថា នឹងបន្តបង្កផលប៉ះពាល់ដល់តម្លៃមាស។ អ្នកជំនាញប្រចាំ TD Securities ឱ្យដឹងថា «ជម្រកដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកវិនិយោគគឺមាស។ ឱ្យតែកិច្ចចរចាឈប់បាញ់ និងការបន្ថយភាពតានតឹងនៅតែពិបាកចាប់យក ក្រុមអ្នកវិនិយោគក៏នឹងនៅតែស្វែងរកមាស ដើម្បីជាជម្រកសុវត្ថិភាព»។
ទោះជាយ៉ាងណាក៏ដោយ Michael Boutros ដែលជាអ្នកយុទ្ធសាស្ត្ររបស់ DailyFX សង្កត់ធ្ងន់ថា កត្តាបច្ចេកទេសបង្ហាញថា មាសនៅតែមិនទាន់ដល់ពេលផ្ទុះខ្លាំង។ អនាគត មាសអាចត្រូវបានលក់ចេញក្នុងទ្រង់ទ្រាយធំ ពិសេសគឺនៅពេលដែលតម្លៃរង្វង់ពី ១,៨២៨-១,៨៤៩ ដុល្លារ/អោន មិនត្រូវបានរក្សា «ខ្ជាប់ខ្ជួន»។ លោក Boutros យល់ថា តម្លៃរបស់មាសនឹងត្រូវបានធ្វើឱ្យមានតុល្យភាពដោយល្បឿននៃកំណើនការប្រាក់របស់ FED ហើយតម្លៃពិបាកនឹងចុះទាបក្រោមរង្វង់ដែលបាននិយាយខាងដើម៕