មហាសេដ្ឋី Gautam Adani គឺជាសមាជិកទី ១០ របស់ ក្លឹបអ្នកមានទ្រព្យចាប់ពី ១០០ ពាន់លានដុល្លារ (The 100 Billion Dollar Club) នាបច្ចុប្បន្ន។
ក្លឹបមហាសេដ្ឋីដែលមានទ្រព្យមានលេខចំនួន ១២ ខ្ទង់ ទើបតែបានទទួលសមាជិកថ្មី នោះគឺមហាសេដ្ឋីឥណ្ឌា Gautam Adani។ យោងតាម Bloomberg Billionaire Index ម្ចាស់ Adani Group ដែលជាក្រុមហ៊ុនរកស៊ីក្នុងវិស័យកំពង់ផែសមុទ្រ រុករករ៉ែ និងថាមពលបៃតង បច្ចុប្បន្នមានទ្រព្យដែលមានតម្លៃ ១០០ ពាន់លានដុល្លារអាម៉េរិក។
លោក Adani ក៏ជាមហាសេដ្ឋីដែលរកបានប្រាក់ច្រើនជាងគេបង្អស់ចាប់ពីដើមឆ្នាំមកនេះ ដោយរកបាន ២៤ ពាន់លានដុល្លារអាម៉េរិក ខណៈពេល ១ ឆ្នាំ ២០២១ លោករកបានសរុបជិត ៤៣ ពាន់លានដុល្លារ។ លោក Adani បានយកឈ្នះមហាសេដ្ឋីឥណ្ឌា Mukesh Ambani និងក្លាយជាអ្នកមានទ្រព្យច្រើនជាងគេបង្អស់ក្នុង ទ្វីបអាស៊ី ព្រមទាំងឈរលំដាប់ទី ១០ ក្នុងពិភពលោក។ លោក Ambani ឈរពីក្រោយលោក Adani ដោយមានទ្រព្យ ៩៩ ពាន់លានដុល្លារអាម៉េរិក។
លទ្ធផលខាង បានកើតឡើងបន្ទាប់ពី ក្រុមហ៊ុន Adani Group បង្វែរទិសដៅទៅរកវិស័យថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធ ហើយទាក់ទាញបានប្រភពទុនវិនិយោគច្រើនពីបរទេស រួមមានពី Total SE របស់ បារាំង និង Warburg Pincus របស់ សហរដ្ឋអាម៉េរិក។
មហាសេដ្ឋីកើតឆ្នាំ ១៩៦២ រូបនេះ ក៏បានពង្រីកខ្លួនទៅក្នុងវិស័យនានាដែល នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានវាយតម្លៃថា មានសារសំខាន់សម្រាប់ការកសាងប្រទេសជាតិ។
ក្នុងគ្រាដែលក្រុមមហាសេដ្ឋីមកពីបណ្ដាក្រុមហ៊ុនខ្នាតយក្សក្នុងវិស័យបច្ចេកវិទ្យារបស់ សហរដ្ឋអាម៉េរិក បានស្គាល់ការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់ខ្លួន គេឃើញថា មហាសេដ្ឋី ២ រូប របស់ ឥណ្ឌា គឺលោក Adani និង Ambani បែរជាមានទ្រព្យកាន់តែច្រើន។ ដូចទៅនឹងមហាសេដ្ឋី Adani ម្ចាស់ក្រុមហ៊ុន Reliance Industries លោក Ambani ក៏កំពុងតែពង្រីកវត្តមានទៅក្នុងវិស័យថ្មី មានដូចជា ពាណិជ្ជកម្មបែបឌីជីថល និងបច្ចេកវិទ្យាជាដើម ដែលទាក់ទាញបានអ្នកវិនិយោគធំៗមួយចំនួន ក្នុងនោះមានទាំង Facebook និង Google ផងដែរ៕