កាស Dyson Zone មានរូបរាងចម្លែក ដែលជាការរួមផ្សំរវាងកាសបំបាត់សំឡេងរំខាន និងម៉ាស៊ីនបន្សុទ្ធខ្យល់ខ្នាតល្អិត។
តាមគម្រោង Dyson Zone នឹងត្រូវបានដាក់លក់ក្នុងឆ្នាំនេះ ជាមួយនឹងតម្លៃ ៥០០ ដុល្លារ។ ប្រព័ន្ធបន្សុទ្ធខ្យល់ខ្នាតល្អិតរបស់ Dyson Zone នឹងចម្រាញ់ចោលធូលី ក៏ដូចជាសារធាតុអាក្រក់ ហើយបាញ់ខ្យល់ដែលបន្សុទ្ធរួច ចូលទៅក្បែរច្រមុះ ដើម្បីឱ្យអ្នកប្រើប្រាស់ដកដង្ហើមចូល។
ចំណុចពិសេសរបស់ Dyson Zone នោះគឺ វាមានបន្ទះបាំងមុខដែលមិនប៉ះទៅនឹងផ្ទៃមុខ ឬមាត់ មិនដូចទៅនឹងម៉ាស ប៉ុន្តែ វាស្ថិតនៅខាងមុខ ដោយទុកចន្លោះមួយដើម្បីបង្កើតបានជាបណ្ដុំខ្យល់បរិសុទ្ធសម្រាប់អ្នកប្រើប្រាស់។ Dyson Zone ក៏ត្រូវបានបំពាក់ឧបករណ៍នានាដើម្បីប្រែក្លាយបន្ទះបាំងមុខ ឱ្យទៅជាម៉ាស ក្នុងករណីចាំបាច់។
របាំងមុខត្រូវបានភ្ជាប់ទៅនឹងកាសដោយប្រើប្រាស់មេដែក អនុញ្ញាតឱ្យអ្នកប្រើប្រាស់ដោះចេញនៅពេលចង់ប្រើតែកាស ឬក្រឡាស់ចុះដើម្បីនិយាយគ្នា។ ប្រព័ន្ធបន្សុទ្ធខ្យល់នេះមានល្បឿនចំនួន ៤ កម្រិតសម្រាប់ជ្រើសរើស ដើម្បីឱ្យសមស្របនឹងចង្វាក់ដង្ហើម រួមមាន កម្រិតយឺត មធ្យម លឿន នឹងស្វ័យប្រវត្ត។
ឧបករណ៍ខាងលើនេះក៏បំពាក់ប្រព័ន្ធបន្សុទ្ធខ្យល់ចំនួន ២ សម្រាប់កាស ដែលអាចបន្សុទ្ធធូលី មេរោគ និងកាបូន ប៉ុន្តែ ត្រូវប្ដូរថ្មីបន្ទាប់ពីប្រើបាន ១ ឆ្នាំ។
កាស Dyson Zone ប្រើប្រាស់មុខងារភ្ជាប់រលកសញ្ញា ប្ល៊ូធូស រួមនឹងមុខងារបំបាត់សំឡេងរំខានដែលមាន ៣ ជម្រើស គឺ Isolation, Conversation និង Transparence។ Isolation អនុញ្ញាតឱ្យអ្នកប្រើប្រាស់បំបាត់សំឡេងរំខាន់ពីជុំវិញស្ទើរតែទាំងស្រុង ខណៈដែល Conversation បិទមុខងារបន្សុទ្ធខ្យល់ដើម្បីសំច័យថ្ម និងដើម្បីនិយាយគ្នាបានស្រួល ចំណែក Transparency អនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្ដាប់ឮសំឡេងនៅជុំវិញខ្លួន។
ផលិតផលនេះមានរន្ធ USB C និងបញ្ជាតាមរយៈកម្មវិធីទូរស័ព្ទ Dyson Link។ Dyson Link ក៏ផ្ដល់ព័ត៌មានស្ដីពីគុណភាពខ្យល់នៅជុំវិញឧបករណ៍នេះផងដែរ៕