ប្រេងធ្លាក់ថ្លៃប្រហែល ៧% នៅក្នុងការជួញដូរនាថ្ងៃដើមសប្ដាហ៍ នៅពេល សៀងហៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ ចិន ត្រូវបានដាក់បម្រាមគោចរដើម្បីទប់ស្កាត់កូវីដ-១៩ ដែលកំពុងឆ្លងរាលដាលខ្លាំង។
បញ្ចប់ការជួញដូរក្នុងថ្ងៃទី ២៨ មីនា ប្រេង Brent ធ្លាក់ថ្លៃ ៨.១៧ ដុល្លារ ឬ ៦.៨% ចុះមកនៅត្រឹម ១១២.៤៨ ដុល្លារ/ធុង គ្រាដែលប្រេង WTI ដាំក្បាលចុះ ៧.៩៤ ដុល្លារ ឬ ៧% មកនៅត្រឹម ១០៥.៩៦ ដុល្លារ/ធុង។
តម្លៃប្រេងមានការប្រែងប្រួលខ្លាំងចាប់តាំងពី រុស្ស៊ី បានបើកការឈ្លានពានលើទឹកដីរបស់ អ៊ុយក្រែន កាលពីថ្ងៃទី ២៤ កុម្ភៈ។ កាលពីសប្ដាហ៍កន្លង តម្លៃប្រេង Brent កើនឡើង ១២% និងប្រេង WTI កើនឡើងជិត ៩%។
តាមការព្យាករ ប្រទេសចិន ដែលជាអ្នកនាំចូលប្រេងច្រើនជាងគេក្នុងពិភពលោក នឹងកាត់បន្ថយការប្រើប្រាស់ប្រេងជាង ៨០០,០០០ ធុង/ថ្ងៃ ធៀបនឹងបរិមាណធម្មតាដែលប្រើប្រាស់ក្នុងខែមេសា ព្រោះតែតំបន់ជាច្រើនកំពុងត្រូវបានដាក់បម្រាមគោចរ ដោយសារកូវីដ-១៩។
ក្ដីសង្ឃឹមទៅលើការរីកចម្រើនក្នុងការចរចាសន្តិភាពរវាង រុស្ស៊ី និង អ៊ុយក្រែន នាថ្ងៃទី ២៩ មីនា នៅ ប្រទេសតួកគី ក៏បានបង្កសម្ពាធទៅលើតម្លៃប្រេងផងដែរ។
ក៏ប៉ុន្តែ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងគេដែលអាចនាំឱ្យប្រេងធ្លាក់ថ្លៃខ្លាំង នោះគឺថា សាធារណមតិមានសង្ឃឹមច្រើន នៅពេល OPEC បើកកិច្ចប្រជុំនៅថ្ងៃទី ៣១ មីនា ដើម្បីពិភាក្សាអំពីការបង្កើនកូតាផលិតកម្មចំនួន ៤៣២,០០០ ធុង/ថ្ងៃ ដូចការគ្រោងទុក។
ចំណែកមាសវិញ ក៏បានធ្លាក់ថ្លៃ (១,៩៣៣ ដុល្លារ/អោន/ជិត៨.៣ ជី សម្រាប់មាសប្រគល់ភ្លាម និងមាសប្រគល់ក្នុងខែមេសា មានតម្លៃ ១,៩៣៩.៨ ដុល្លារ/អោន) ដោយសារអត្រាការប្រាក់នៃមូលបត្របំណុលរបស់រតនាគារជាតិអាម៉េរិក កើនឡើង ខណៈប្រាក់ដុល្លារអាម៉េរិក ក៏ឡើងថ្លៃ។
ចំណែកផលិតផលមួយចំនួនផ្សេងទៀតក៏បានធ្លាក់ថ្លៃផងដែរ ក្នុងនោះមានដូចជា ស្ករ, កាហ្វេ, ពោត, ស្រូវសាលី, សណ្ដែកសៀង និងកៅស៊ូ។ល។