ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារជំងឺត្រចៀក ច្រមុះ កំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ នេះ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំកម្ពុជា អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារខាងលើ ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។
អគារព្យាបាលជំងឺត្រចៀក ច្រមុះ កំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលស្ថិតនៅក្នុង សង្កាត់ផ្សារថ្មី ១, ខណ្ឌដូងពេញ, រាជធានីភ្នំពេញ តាមបណ្ដោយវិថីព្រះនរោត្តម និងក្បែររង្វង់មូលវត្តភ្នំ នេះ ទទួលបានជំនួយឥតសំណង ៨ លានដុល្លារអាម៉េរិក ពី រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (KOICA)។
អគារនេះត្រូវបានបំពាក់បរិក្ខាទំនើបបំផុត រួមនឹងសមត្ថភាពរបស់ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិក ដែលត្រូវបានបណ្តុះបណ្តាល និងផ្ទេរជំនាញ ឯកទេសពីវេជ្ជបណ្ឌិត ជនជាតិកូរ៉េ៕