ក្រៅពីទូរស័ព្ទឆ្លាតវៃប្រភេទបត់ Galaxy Z Fold៤ និង ZFlip៤ ក្រុមហ៊ុន Samsung ក៏ត្រូវបានគេជឿថា នឹងប្រកាសបញ្ចេញស្មាតហ្វូនប្រភេទមូរដំបូងគេបង្អស់នៅចុងឆ្នាំនេះ។
Ice Universe ដែលជាអ្នកតែងតែបញ្ចេញព័ត៌មានត្រឹមត្រូវស្ដីពីផលិតផលអនាគតរបស់ Samsung ឱ្យដឹងថា ក្រុមហ៊ុនរបស់ កូរ៉េខាងត្បូង នេះ កំពុងប្រើប្រាស់លេខកូដ B៤, Q៤ និង N៤ សម្រាប់ស្មាតហ្វូន ៣ ម៉ូដែលរបស់ខ្លួន ដែលគ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២២។ ក្នុងនោះ B៤ និង Q៤ គឺជារបស់ Z Flip៤ និង Z Fold៤ ចំណែក N៤ គឺជាឧបករណ៍ថ្មីទាំងស្រុង។ N៤ ដែលមានឈ្មោះកូដថា Diamind នឹងជាស្មាតហ្វូនប្រភេទមូរដំបូងគេក្នុងពិភពលោក។
ក៏ប៉ុន្តែ អ្នកវិភាគ Ross Young ឱ្យដឹងថា លោកកំពុងពិនិត្យមើលប្រភពព័ត៌មានច្បាស់ការណ៍ ដើម្បីបញ្ជាក់ថា ស្មាតហ្វូននេះអាចបង្ហាញវត្តមាននៅក្នុងឆ្នាំ ២០២២ ឬអត់។
នៅលើទីផ្សារបច្ចុប្បន្ន មិនទាន់មានស្មាតហ្វូនប្រភេទមូរណាមួយត្រូវបានដាក់លក់នៅឡើយ បើទោះមានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យស្នើសុំបណ្ណកម្មសិទ្ធិបញ្ញា ឬលើកឡើងអំពីគំនិតស្ដីពីឧបករណ៍ប្រភេទនេះ៕