ការចាកចេញពីអេក្រង់ទូរស័ព្ទ ការចេញពីផ្ទះទៅខាងក្រៅ ការដើរដោយថ្មើរជើង និងការគិតពិចារណាជាដើម គឺជាប្រការដែលមើលទៅដូចជាសាមញ្ញ ប៉ុន្តែ មានមនុស្សតិចណាស់ដែលធ្វើបាន។
ខាងក្រោមនេះគឺជា ៥ ប្រការ ដែលយើងគួរធ្វើឱ្យបានរាល់ថ្ងៃ បើសិនចង់ជោគជ័យ៖
អានសៀវភៅទាក់ទងនឹងវិស័យផ្សេងៗ
នេះគឺជាវិធីដែលយើងអាចមើលឃើញបទពិសេសពីជ្រុងមួយទៅជ្រុងមួយ និងយល់ពីស្ថានភាពសង្គមបានកាន់តែច្រើន ដែលជាកត្តាសំខាន់ជួយឱ្យយើងក្លាយជាបុគ្គល ឬមេដឹកនាំល្អ។ ក្រៅពីជំនាញ យើងក៏គួរតែពង្រីកចំណេះដឹងទៅក្នុងវិស័យផ្សេង។
វាមិនមែនជារឿងចៃដន់ឡើយ ដែលមហាសេដ្ឋី Elon Musk មានទម្លាប់អានសៀវភៅស្ដីពីបច្ចេកវិទ្យាបែបប្រឌិត និងប្រវត្តិសង្ខេបរបស់បុគ្គលល្បី។ នៅក្នុងទស្សនាវដ្ដីមួយកាលពីច្រើនឆ្នាំមុន លោក Musk បានឱ្យដឹងថា «ខ្ញុំត្រូវបានចិញ្ចឹមដោយសៀវភៅ ហើយពិតណាស់រួមទាំងឪពុកម្ដាយរបស់ខ្ញុំផងដែរ»។
យោងតាមលោក Musk ការអានសៀវភៅដែលទាក់ទងនឹងវិស័យផ្សេងៗ នឹងជួយឱ្យយើងមានចំណេះដឹងកាន់តែសម្បូរបែប ទាំងក្នុងការងារ ទាំងក្នុងជីវភាពរស់នៅ។
ចាកចេញផុតពីតំបន់សុវត្ថិភាព
ក្នុងជីវភាព មនុស្សគ្រប់រូបមិនមែនសុទ្ធតែមានភាពក្លាហានក្នុងការធ្វើកិច្ចការដែលស្ថិតនៅក្រៅពីតំបន់សុវត្ថិភាពរបស់ខ្លួន។ បើសិនជាមិនបានធ្វើរឿងនេះ នោះមានន័យថា យើងមិនអាចឆ្ពោះទៅមុខបានឆ្ងាយ។
បើសិនជាមិនហ៊ានឡើងនិយាយនៅចំពោះមុខហ្វូងមនុស្ស ចូររកវិធីដើម្បីយកឈ្នះលើការភ័យខ្លាចនេះ ដោយការស្ម័គ្រចិត្តឡើងបញ្ចេញមតិនៅក្នុងអង្គប្រជុំ បើទោះជាយើងភ័យរហូតដល់បែកញើស។
Mark Zuckerberg ដែលជាម្ចាស់ Facebook បានចំណាយពេលច្រើនឆ្នាំក្នុងការរៀនភាសាចិន ដើម្បីអាចនិយាយសភានេះបានជាមួយភរិយារបស់គាត់ដែលមានដើមកំណើតចិន។ ភាពភ័យខ្លាច និងវឌ្ឍនភាព មិនអាចនៅជាមួយគ្នាបានឡើយ។ ដូច្នេះ បើចង់រីកចម្រើន យើងត្រូវតែធ្វើសកម្មភាព បង្ខំឱ្យភាពភ័យខ្លាចចាកចេញឆ្ងាយ។
ការព្យាយាមហាត់ប្រាណ
យោងតាមអ្នកស្រាវជ្រាវមួយរូប បានឱ្យដឹងថា ការហាត់ប្រាណជាប្រចាំគឺជាចំណុចរួមរបស់ក្រុមអភិជន។ លោកថា អ្នកដែលប្រឹងប្រែងហាត់ប្រាណ តែងតែមានប្រៀបជាងនៅក្នុងការប្រកួតប្រជែង ដូចជា កម្រិតឆ្លាតវ័យខ្ពស់ជាង, មានភាពរឹងប៉ឹង ភាពជឿជាក់ ក៏ដូចជាមានថាមពលច្រើនជាង ២០% ធៀបនឹងអ្នកបញ្ចេញសកម្មភាពតិចតួច។ លទ្ធផលនៃការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រខាងលើក៏បានបង្ហាញថា ការហាត់ប្រាណជារៀងរាល់ថ្ងៃ អាចជួយឱ្យមានអាយុវែង។
មហាសេដ្ឋី Mark Zuckerberg, Jeff Bezos, Oprah Winfrey, Sheryl Sanberg និង Richard Branson ជាដើម សុទ្ធតែហាត់ប្រាណជារៀងរាល់ថ្ងៃដើម្បីមានសុខភាពល្អ រាងកាយមាំមួន។
បរិច្ចាគទ្រព្យ ធ្វើបុណ្យ ធ្វើទានឱ្យបានច្រើន
មហាសេដ្ឋីជាច្រើនក្នុងពិភពលោក សុទ្ធតែមានមូលនិធិមនុស្សធម៌ ឬបរិច្ចាគទ្រព្យ ចូលរួមធ្វើសកម្មភាពមនុស្សធម៌ក្នុងសង្គម។ ការបរិច្ចាគទ្រព្យតិច ឬច្រើន ដើម្បីជួយដល់អ្នកក្រីក្រ គឺសុទ្ធតែទទួលបានផលល្អ មិនថា ក្នុងផ្លូវចិត្ត មិនថាក្នុងភាពជាក់ស្ដែង។
ការចេញទៅក្រៅ និងការគិតពិចារណា
មនុស្សយើងភាគច្រើន ហាក់កំពុងចំណាយពេលមិនតិចឡើយទៅលើទូរស័ព្ទ និងបណ្ដាញសង្គម។ មនុស្សភាគច្រើនមិនអាចចាកចេញពីមុខអេក្រង់ទូរស័ព្ទ ចេញពីផ្ទះ ដើរដោយថ្មើរជើង និងគិតពិចារណា។
ការសិក្សាស្រាវជ្រាវមួយរបស់ សមាគមចិត្តសាស្ត្រអាម៉េរិក បានបង្ហាញថា ការដើរដោយថ្មើរជើងនៅខាងក្រៅផ្ទះ អាចបង្កើនភាពច្នៃប្រឌិត និងកែលម្អសមត្ថភាពដោះស្រាយបញ្ហា។
មហាសេដ្ឋី Mark Zuckerberg, Richard Branson និង CEO របស់ Google ឬ LinkedIn ជាដើម សុទ្ធតែចូលចិត្តពិភាក្សាគ្នានៅពេលដើរដោយថ្មើរជើង។
មហាសេដ្ឋី Richard Branson ធ្លាប់បានសរសេរនៅក្នុងប្លក់ផ្ទាល់ខ្លួនថា «ខ្ញុំយល់ឃើញថា នេះគឺជាវិធីដែលជួយឱ្យយើងធ្វើការសម្រេចចិត្តបានល្អ និងអាចសម្រេចបានកិច្ចព្រមព្រៀងមួយយ៉ាងឆាប់រហ័សទៀតផង។ ម្យ៉ាងទៀត វាក៏មានប្រយោជន៍សម្រាប់សុខភាព»៕