បញ្ចប់ការជួញដូរនៅក្នុងថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ ប្រេង និងមាស បានបន្តធ្លាក់ថ្លៃបន្តិច ធៀបនឹងមួយថ្ងៃមុននោះ។
មូលហេតុដែលនាំឱ្យប្រេង និងមាសធ្លាក់ថ្លៃ គឺបណ្ដាលមកពីប្រទេសមួយចំនួនដែលជាសមាជិករបស់ សហភាពអឺរ៉ុប (EU) មិនព្រមចូលរួមជាមួយ សហរដ្ឋអាម៉េរិក ក្នុងការដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់ រុស្ស៊ី ដើម្បីប្រឆាំងនឹងសង្គ្រាមនៅ អ៊ុយក្រែន។
ប្រេងធ្លាក់ថ្លៃបន្តិច
បញ្ចប់ការជួញដូរកាលពីថ្ងៃទី ២២ មីនា ប្រេងឆៅ Brent ធ្លាក់ថ្លៃ ១៤ សេនដុល្លារអាម៉េរិក ប្រហែល ០.២% ចុះមកនៅត្រឹម ១១៥.៤៨ ដុល្លារ/ធុងបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ WTI ថយចុះ ៣៦ សេនដុល្លារអាម៉េរិក ប្រហែល ០.៣% ចុះមកនៅត្រឹម ១១១.៧៦ ដុល្លារ/ធុង។ ក្នុងថ្ងៃជួញដូរមុននោះ ប្រេងទាំងពីរប្រភេទនេះបានធ្លាក់ថ្លៃជាង ៧% ដូចគ្នា។
ការដែលរដ្ឋមន្ត្រីការបរទេសនានារបស់ EU ក្នុងនោះមាន ប្រទេសអាល្លឺម៉ង់ និង ហុងគ្រី ជាដើម ខ្វែងគំនិតគ្នានៅក្នុងបញ្ហាដាក់ទណ្ឌកម្មលើវិស័យប្រេងរបស់ រុស្ស៊ី ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសនេះទៅលើ អ៊ុយក្រែន ត្រូវបានគេមើលឃើញថា ជាមូលហេតុចម្បងដែលនាំឱ្យប្រេងធ្លាក់ថ្លៃ។
តម្លៃមាសទាបបំផុតក្នុងអំឡុងជិត ១ សប្ដាហ៍មកនេះ
មាសធ្លាក់ថ្លៃជាង ១% ចុះមកនៅទាបបំផុតក្នុងអំឡុងជិត ១ សប្ដាហ៍កន្លង ក្រោយពីប្រធានធនាគារជាតិអាម៉េរិក Jerome Powell បានបង្ហើបដោយប្រយោលអំពីការបង្កើនការប្រាក់ដ៏ធំមួយក្នុងឆ្នាំនេះ ដើម្បីទប់ទល់នឹងអតិផរណាដែលកើនឡើងខ្ពស់ ធ្វើឱ្យទិន្នផលសញ្ញាប័ណ្ណរបស់រតនាគារអាម៉េរិក កើនឡើង។
មាសប្រគល់ភ្លាមនៅលើផ្សារ LBMA ធ្លាក់ថ្លៃ ០.៧% មកនៅត្រឹម ១,៩២១.៥៨ ដុល្លារ/អោន (មាស ១ អោន (ounce) ប្រហាក់ប្រហែលនឹង ៨.៣ ជី) ចំណែកមាសប្រគល់មានកាលកំណត់ក្នុងខែមេសា ២០២២ នៅលើផ្សារហ៊ុន New York ថយចុះ ០.៤% មកនៅត្រឹម ១,៩២១.៥០ ដុល្លារ/អោន។