ប្រធានាធិបតីតួកគី បានធ្វើជាអធិបតីនៅក្នុងពិធីសម្ពោធស្ពាន Canakkale ១៩១៥ ដែលប្រើប្រាស់ទុនវិនិយោគ ២.៨ ពាន់លានដុល្លារអាម៉េរិក ឆ្លងកាត់ច្រកសមុទ្រ Dardanelles ដែលខណ្ឌចែក ទ្វីបអាស៊ី និង ទ្វីបអឺរ៉ុប។
ស្ពាន Canakkale ១៩១៥ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ១៨ មីនា ត្រូវបានសាងសង់ដោយបណ្ដាក្រុមហ៊ុនតួកគី និង កូរ៉េខាងត្បូង។ ការសម្ពោធស្ពាននេះ ត្រូវបានធ្វើឡើងក្នុងឱកាសខួបទិវាជ័យជំនះរបស់កងទ័ពជើងទឹកចក្រភពអូតូម៉ង់ (Ottoman) លើ កងទ័ពអង់គ្លេស និង បារាំង នៅ Dardanelles ក្នុងសង្គ្រាមលោកលើកទីមួយ។
ស្ពាននេះត្រូវបានចាត់ទុកថាជាគម្រោងសំខាន់មួយដែលបង្ហាញអំពីសមិទ្ធផលផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ តួកគី ក្នុងអំឡុង ២ ទស្សវត្តន៍កន្លងមកនេះ។
ស្ពាន Canakkale ១៩១៥ ត្រូវបានសម្ពោធបើកការដ្ឋានកាលពីខែមីនា ២០១៧ ដោយប្រើប្រាស់កម្មករជាង ៥,០០០ នាក់។ នេះគឺជាស្ពានទី ៤ ដែលភ្ជាប់ឆ្នេររបស់ ទ្វីបអាស៊ី និងឆ្នេររបស់ ទ្វីបអឺរ៉ុប នៅ តួកគី។
ស្ពាន Canakkale ១៩១៥ ដែលមានសសរទ្រូងកម្ពស់ ៣១៨ ម៉ែត្រនេះ មានបណ្ដោយ ៤.៦ គីឡូម៉ែត្រ។
មុនពេលដាក់ឱ្យប្រើប្រាស់ស្ពាននេះ មធ្យោបាយទាំងឡាយដែលធ្វើដំណើររាង Anatolia និង ឧបទ្វីប Gallipoli ត្រូវចំណាយពេល ១ ម៉ោង ដោយជិះស្រឡាងឆ្លងកាត់ច្រកសមុទ្រ Dardanelles និងត្រូវរង់ចាំរយៈពេលប្រហែល ៥ ម៉ោង។ ប៉ុន្តែ ដោយមានស្ពានថ្មីនេះ ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Dardanelles បច្ចុប្បន្នចំណាយពេលតែ ប្រហែល ៦ នាទីប៉ុណ្ណោះ៕