ជំងឺរាតត្បាតសកលកូវីដ-១៩ បានជះឥទ្ធិពលអាក្រក់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាម៉េរិក ប៉ុន្តែ ប្រការដែលគួរឱ្យភ្ញាក់ផ្អើលគឺថា កាលពីឆ្នាំកន្លង អាម៉េរិក បែរជាមានមនុស្ស ១ លាននាក់ បានក្លាយជាសេដ្ឋី។
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទ្រព្យសម្បត្តិ Spectrem Group ដែលបានប្រកាសកាលពីថ្ងៃទី ១៧ មីនា តួលេខជនជាតិអាម៉េរិក ដែលមានទ្រព្យអាចវិនិយោគចាប់ពី ១ លានដុល្លារឡើងទៅ បានកើនឡើងជាង ១០% ពោលគឺពី ១៣.៣ លាននាក់កាលពីឆ្នាំ ២០២០ ឡើងដល់ ១៤.៦ លាននាក់ កាលពីឆ្នាំ ២០២១។
Spectrem Group ឱ្យដឹងថា ចំនួនប្រជាជនអាម៉េរិក ដែលមានប្រាក់ចំណូលពី ២៥ លានដុល្លារឡើងទៅ កើន ១៨% ពោលគឺពី ២១៤,០០០ នាក់ កាលពីឆ្នាំ ២០២០ ឡើងដល់ ២៥២,០០០ នាក់ ក្នុងឆ្នាំ ២០២។ ចំណែក ចំនួនមនុស្សដែលមានចំណូលពី ១០០,០០០ ដុល្លារ ដល់ ១ លានដុល្លារ គឺកើនឡើងតែ ២% ប៉ុណ្ណោះ។
ក្រុមហ៊ុនខាងលើក៏បានបញ្ជាក់ថា ទីផ្សារមូលបត្រគឺជាកត្តាសំខាន់ដែលបង្កើតទ្រព្យបានច្រើនជាងគេបង្អស់សម្រាប់ក្រុមអ្នកមានក្នុងឆ្នាំកន្លង។ បើទោះជាប្រឈមនឹង កូវីដ-១៩ សេដ្ឋកិច្ចអាម៉េរិក បានចាប់ផ្ដើមឈានដល់ដំណាក់កាលងើបឡើងវិញ ក្រោយពីបានរងឥទ្ធិពលពីវិបត្តិសុខភាពនេះ។