ក្រុមហ៊ុន Apple ត្រូវបានគេជឿថា សំច័យប្រាក់បានជាង ៦ ពាន់លានដុល្លារអាម៉េរិក ពីការបោះបង់ឆ្នាំងសាកថ្ម និងកាស របស់ទូរស័ព្ទ iPhone ចាប់ពីឆ្នាំ ២០២០។
យោងតាម Daily Mail ក្រុមហ៊ុន Apple កាត់បន្ថយការចំណាយបានប្រហែល ៣៥ ដុល្លារ សម្រាប់ទូរស័ព្ទឆ្លាតវៃ iPhone ១ គ្រឿង ដែលក្រុមហ៊ុនបានលក់ចេញ ដោយសារបំបាត់ចោលឧបករណ៍អមរបស់ផលិតផលនេះ។ រាប់ចាប់តាំងពីចុងឆ្នាំ ២០២០ ដល់ដើមឆ្នាំ ២០២២ Apple បានលក់ iPhone ប្រហែល ១៩០ លានគ្រឿង ដូច្នេះ ទឹកប្រាក់ដែលក្រុមហ៊ុននេះសំច័យបាន គឺប្រហែល ៦.៥ ពាន់លានដុល្លារ។
កន្លងមក ក្រុមអ្នកជំនាញបានគណនាឃើញថា ការកាត់បន្ថយទំហំរបស់ប្រអប់ដាក់ទូរស័ព្ទ អនុញ្ញាតឱ្យ Apple បន្ថយការចំណាយទៅលើវត្ថុធាតុដើមសម្រាប់ផលិតជាប្រអប់ទូរស័ព្ទ ក៏ដូចជាបង្កើនចំនួន iPhone បាន ៧០% នៅក្នុងប្រអប់ប៉ាឡែត (pallet) នីមួយៗ ដូច្នេះ ក៏អាចបន្ថយការចំណាយទៅលើសេវាដឹកជញ្ជូនបាន ៤០% ធៀបនឹងដំណាក់កាលមុននោះ។
Ben Wood ដែលជាអ្នកវិភាគរបស់ CCS Insight បានវាយតម្លៃថា ទិន្នន័យខាងលើគឺមានមូលដ្ឋាន។ ប៉ុន្តែ Apple បានបដិសេធការអធិប្បាយទាក់ទងនឹងតួលេខខាងលើ។ ក្រុមហ៊ុននេះសង្កត់ធ្ងន់ថា ការកាត់ចោលឆ្នាំងសាកថ្ម និងកាស ជួយកាត់បន្ថយឧស្ម័នកាបូនពុលបានជាង ២ លានតោន ស្មើនឹងរថយន្ត ៥ សែនគ្រឿង ដែលមិនធ្វើចរាចរណ៍ ជារៀងរាល់ឆ្នាំ៕