បើទោះជាមិនសប្បាយចិត្ត ប៉ុន្តែ ប្រធានបច្ចុប្បន្នរបស់ក្រុមបាល់ទាត់ Chelsea លោក Roman Abramovich បានធ្វើការសម្រេចចិត្តមួយដែលមិនមាន True Blues (អ្នកគាំទ្រលុះក្ស័យ) ណាម្នាក់ចង់ឱ្យកើតឡើងឡើយ។
វេលាទៀបភ្លឺ (ម៉ោងនៅ កម្ពុជា) Fabrizio Romano ដែលជាអ្នកជំនាញខាងយកព័ត៌មានអំពីការទិញដូរក្រុមហ៊ុន បានបញ្ជាក់ថា មហាសេដ្ឋី Roman Abramovich ដាក់លក់ Chelsea។
«ខ្ញុំ (Abramovich) តែងតែជ្រើសរើសប្រការល្អបំផុតសម្រាប់ក្លឹបនេះ។ មូលហេតុនេះហើយ ធ្វើឱ្យខ្ញុំត្រូវសម្រេចថានឹងលក់ Chelsea» នៅលើ Twitter របស់ខ្លួន អ្នកយកព័ត៌មាន ជនជាតិអ៊ីតាលី បានបង្ហោះសារដែលដកស្រង់សម្ដីរបស់លោក Abramovich ស្ដីពីការសម្រេចចិត្តលក់ក្លឹបដែលគាត់ស្រលាញ់ដូចកូនបង្កើត។
«ខ្ញុំជឿថា នេះគឺជាវិថីល្អបំផុតសម្រាប់ក្រុមបាល់ទាត់ និងសម្រាប់អ្នកគាំទ្រ។ ជាងនេះ ការសម្រេចនេះរបស់ខ្ញុំនឹងជួយសម្រាលទុក្ខរបស់មនុស្សជាច្រើនដែលកំពុងជួបការលំបាកក្នុងរយៈពេលច្រើនថ្ងៃមកនេះ រួមទាំងបុគ្គលិករបស់ក្លឹប និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជាដើម» មហាសេដ្ឋី Roman Abramovich បន្ថែមដូច្នេះ។
ចាប់តាំងពីបានទិញក្រុមបាល់ទាត់ Chelsea កាលពីឆ្នាំ ២០១៣ ប្រាក់របស់លោក Abramovich បានជួយឱ្យក្លឹបនេះបានស្គាល់យុគសម័យរុងរឿងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុម។ ប៉ុន្តែ «មិនមានបុប្ផាអ្វីមួយដែលរីកហើយ មិនស្រពោនទៅវិញឡើយ»។
ប្រភពព័ត៌មានមួយចំនួនឱ្យដឹងថា ប្រធានថ្មីរបស់ Chelsea មិនមែនជាមហាសេដ្ឋី Hansjorg Wyss នោះទេ ប៉ុន្តែគឺជាព្រះអង្គម្ចាស់ Al Waleed bin Talal Al Saud។ Al Waleed Bin Tallal បច្ចុប្បន្នគឺជាអ្នកមានទ្រព្យច្រើនជាងគេបង្អស់នៅ មជ្ឈិមបូព៌ា ដោយមានទ្រព្យ ១៣ ពាន់លានដុល្លារអាម៉េរិក ច្រើនជាងឆ្ងាយធៀបនឹង ៨ ពាន់លានដុល្លាររបស់ប្រធានក្លឹប PSG លោក Al-Khelaifi។
កាលពីសប្ដាហ៍កន្លង មហាសេដ្ឋីរុស្ស៊ី Roman Abramovich បានប្រគល់សិទ្ធិគ្រប់គ្រងក្រុមបាល់ទាត់ Chelsea ទៅឱ្យមូលនិធិមនុស្សធម៌ មុនពេល អង់គ្លេស អនុវត្តការដាក់ទណ្ឌកម្មលើក្រុមមហាសេដ្ឋីរបស់ រុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងការដែល រុស្ស៊ី បានចូលឈ្លានពានទឹកដីរបស់ អ៊ុយក្រែន៕