លោក ចូ បៃដិន នាព្រឹកនេះ (ម៉ោងនៅ កម្ពុជា) បានប្រកាសថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត បានសម្រេចចិត្តបញ្ចេញប្រេងដែលរក្សាទុកក្នុងឃ្លាំង ចំនួន ៦០ លានធុង ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារតម្លៃប្រេងកើនឡើងខ្ពស់ ព្រោះតែ រុស្ស៊ី បញ្ឆេះសង្គ្រាមនៅ អ៊ុយក្រែន។
«សហរដ្ឋអាម៉េរិក នឹងនាំមុខគេក្នុងការប្រឹងប្រែងនោះ ដោយបញ្ចេញប្រេងពីក្នុងឃ្លាំង ចំនួន ៣០ លានធុង។ ហើយយើងបានត្រៀមជាស្រេចដើម្បីបញ្ចេញប្រេងបន្ថែមទៀត បើសិនជាចាំបាច់» លោក បៃដិន អះអាងដូច្នេះ នៅក្នុងព្រឹត្តិការណ៍អានសេចក្ដីថ្លែងការណ៍សហព័ន្ធលើកដំបូង នាថ្ងៃទី ១ មីនា (២ មីនា នៅ កម្ពុជា)។ លោក បៃដិន បន្ថែមថា «ជំហានទាំងនេះនឹងជួយបញ្ចុំតម្លៃប្រេងសាំងក្នុងប្រទេស»។
និយាយអំពីវិស័យការងារក្នុងស្រុកវិញ ប្រធានាធិបតីអាម៉េរិក ឱ្យដឹងថា សេដ្ឋកិច្ចប្រទេសនេះបានបង្កើតការងារថ្មីជាង ៦.៥ លានកន្លែង ក្នុងឆ្នាំ ២០២១ ច្រើនជាងពេលណាទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់ សហរដ្ឋអាម៉េរិក។
ចំពោះបញ្ហាពន្ធដារ លោក ចូ បៃដិន បញ្ជាក់ថា រដ្ឋាភិបាលរបស់លោក នឹងមិនដំឡើងអត្រាពន្ធនោះទេ ចំពោះពលរដ្ឋដែលរកចំណូលបានក្រោម ៤ សែនដុល្លារ/ឆ្នាំ៕