(សហរដ្ឋអាម៉េរិក)-ក្រុមហ៊ុនមេរបស់ Facebook នឹងអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដែលអាចបកប្រែភាសាទៅតាមពេលវេលាជាក់ស្ដែង ខ្ទង់រយភាសា ក្នុងនោះមានទាំងភាសាដែលមានមនុស្សប្រើប្រាស់តិចផងដែរ។
Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook, Instagram និង WhatsApp ប្រកាសថា ចំពោះគម្រោងស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មីនេះ មនុស្សគ្រប់រូបក្នុងពិភពលោក សុទ្ធតែអាចប្រើបាន។
«សមត្ថភាពក្នុងការនិយាយជាមួយមនុស្សគ្រប់រូប ដោយប្រើប្រាស់គ្រប់ភាសា គឺជាជំនាញកំពូលដែលគ្រប់គ្នាប្រាថ្នាចង់បាន ហើយ AI នឹងនាំមកនូវប្រការនោះក្នុងយុគសម័យរបស់យើង» នាយកប្រតិបត្តិរបស់ Meta លោក Mark Zuckerberg បាននិយាយដូច្នេះ។
យោងតាម Meta បើទោះជា អង់គ្លេស ចិន និង អេស្ប៉ាញ ជាដើម គឺជាភាសាដែលគេនិយមប្រើច្រើន ប៉ុន្តែ ប្រជាជនប្រហែល ២០% ក្នុងពិភពលោក មិនបានប្រើប្រាស់ភាសាទាំងនេះ។ ភាសាជាច្រើនដែលមិនសូវមានមនុស្សប្រើប្រាស់ និងមិនមានអក្សរសម្រាប់សរសេរ សមស្របក្នុងការដាក់បញ្ចូលក្នុងប្រព័ន្ធ AI បកប្រែរបស់ Beta។
Meta នឹងផ្ដោតទៅលើការងារចំនួន ២ គឺ ទីមួយមានឈ្មោះថា No Language Left Behind ដែលកសាងប្រព័ន្ធ AI ដែលរៀនអំពីវិធីសាស្ត្របកប្រែភាសា និងទី ២ គឺ មានឈ្មោះថា Universal Speech Translator ដែលអភិវឌ្ឍប្រព័ន្ធបកប្រែភាសាដោយផ្ទាល់មាត់ និងនៅនឹងកន្លែង ដោយមិនបាច់មានសំណេរជាលក្ខណៈអន្តរការី៕