រូបិយវត្ថុក្នុងស្រុករបស់ រុស្ស៊ី មានពេលខ្លះធ្លាក់ថ្លៃ ៤០% ធៀបនឹងប្រាក់ដុល្លារអាម៉េរិក កាលពីព្រឹកនេះ ក្រោយពី អាម៉េរិក និង អឺរ៉ុប កាតផ្ដាច់ធនាគារធំៗរបស់ រុស្ស៊ី ចេញពីបណ្ដាញ SWIFT។
ក្នុងការជួញដូរព្រឹកមិញ ប្រាក់រូប្លរុស្ស៊ី មានពេលខ្លះត្រូវបានជួញដូរក្នុងតម្លៃ ១១៧.៧៥ រូប្ល សម្រាប់ប្ដូរយក ១ ដុល្លារអាម៉េរិក ថយចុះ ៤០% ពី ៨៣.៧៥ រូប្លរុស្ស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍មុន នេះបើតាមទិន្នន័យរបស់ Bloomberg។
មូលហេតុនៃការធ្លាក់ថ្លៃនេះគឺដោយសារ សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តអឺរ៉ុប រួមនឹង កាណាដា កាលពីសប្ដាហ៍កន្លង បានយល់ស្របគ្នាក្នុងការកាត់ធនាគារធំៗមួយចំនួនរបស់ រុស្ស៊ី ចេញពី SWIFT (Society of Worldwide Interbank Financial Telecommunication) ដែលជាបណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុ នៃធនាគារទូទាំងពិភពលោក។ ប្រព័ន្ធ SWIFT នេះមានស្ដង់ដារតែមួយ ដែលមានសុវត្ថិភាពខ្ពស់បំផុតនៅក្នុងការផ្ទេរ និងទទួលប្រាក់ពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាង ១១,០០០ ក្រុមហ៊ុន នៅក្នុងប្រទេស និងដែនដីជាង ២០០ របស់ពិភពលោក។
ដើម្បីប៉ះប៉ូវ និងកាត់បន្ថយហានិភ័យនៃការធ្លាក់ថ្លៃរបស់ ប្រាក់រូប្លរុស្ស៊ី ធៀបនឹងប្រាក់ដុល្លារអាម៉េរិក រួមនឹងបញ្ហាអតិផរណា ធនាគារជាតិរុស្ស៊ី បានដំឡើងការប្រាក់មូលដ្ឋានពី ៩.៥% ឡើងដល់ ២០% ក្នុងគ្រាតម្លៃប្រាក់រូប្លរុស្ស៊ី ធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក។
ចំណែកតម្លៃប្រេងបានកើនឡើងកាលពីព្រឹកនេះ ក្នុងគ្រាដែលអ្នកវិនិយោគមានការបារម្ភអំពីប្រភពផ្គត់ផ្គង់ ព្រោះតែវិបត្តិនៅ អ៊ុយក្រែន។ តម្លៃប្រេង Brent ឡើងដល់ ១០៥ ដុល្លារអាម៉េរិក/ធុងបារ៉ែល នៅពេលចាប់ផ្ដើមការជួញដូរ ដែលតួលេខនេះខ្ពស់ជាងប្រហែល ៧ ដុល្លារ បើធៀបនឹងសប្ដាហ៍កន្លង៕