បណ្ដាញសង្គម Facebook របស់ក្រុមហ៊ុន Meta ទើបតែបានបញ្ចេញមុខងារវីដេអូខ្លី Reels នៅទូទាំងសកលលោក និងកំពុងត្រូវបានគេរំពឹងថា នឹងរកឃើញជោគជ័យដូចទៅនឹងមុខងារ Story។
សារព័ត៌មាន WSJ បានរាយការណ៍ថា Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានបង្កើនការ «វាយបក» ប្រឆាំងនឹង TikTok ដោយការបញ្ចេញមុខងារវីដេអូខ្លី Reels សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក (ជាង ១៦០ ប្រទេស) កាលពីថ្ងៃអង្គារកន្លងទៅ។ ពួកគេក៏បានណែនាំមុខងារថ្មីជាច្រើនផ្សេងទៀតដល់អ្នកផ្សាយពាណិជ្ជកម្មផងដែរ។
បច្ចុប្បន្ន Facebook កំពុងមាន «សង្គ្រាម» ជាមួយ TikTok ដែលជាបណ្ដាញសង្គមវីដេអូខ្លីត្រូវបានអ្នកប្រើប្រាស់ទាញយកមកប្រើច្រើនជាងគេកាលពីឆ្នាំ ២០២១ និងបានយកឈ្នះលើ Instagram ដោយក្លាយជាបណ្ដាញសង្គមដែលទទួលបានការគាំទ្រច្រើនជាងគេពីសំណាក់យុវវ័យ។
Meta ក៏រងផលប៉ះពាល់ពីមុខងារសុវត្ថិភាពមួយដែលត្រូវបាន Apple លាតត្រដាងកាលពីឆ្នាំ ២០២១។ រាប់ចាប់ពីបានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុកាលពីថ្ងៃទី ២ កុម្ភៈ តម្លៃមូលធនទីផ្សាររបស់ Meta ក៏បានថយចុះជាង ៣០០ ពាន់លានដុល្លារ។
ជាមួយនឹងមុខងារថ្មី Reels ម្ចាស់ Facebook លោក Mark Zuckerberg ថ្លែងថា៖ «យើងចង់ឱ្យ Facebook Reels ក្លាយជាកន្លែងល្អបំផុតសម្រាប់អ្នកបង្កើតខ្លឹមសារជាវីដេអូ តភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍របស់ពួកគេ និងរកប្រាក់»។
Meta បានណែនាំកម្មវិធី Reels កាលពីខែសីហា ឆ្នាំ ២០២០ សម្រាប់អ្នកប្រើប្រាស់ Instagram របស់ខ្លួននៅ សហរដ្ឋអាម៉េរិក ដើម្បីជាការ «វាយបក» មួយ ប្រឆាំងនឹង TikTok ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុនចិន ByteDance៕