ចាប់ពីថ្ងៃទី ១៥ កុម្ភៈ នេះ នាយកដ្ឋានអាកាសចរណ៍វៀតណាម ចាប់ផ្ដើមបើកដំណើរការជើងហោះហើរអន្តរជាតិជាប្រក្រតីឡើងវិញ បន្ទាប់ពីបានផ្អាកអស់រយៈពេលជិត ២ ឆ្នាំ។
ដើម្បីត្រៀមសម្រាប់ទទួលភ្ញៀវទេសចរណ៍បរទេសឱ្យបានមុនថ្ងៃទី ៣១ មីនា វៀតណាម បានសម្រេចដកចេញរាល់ការកំណត់លើចំនួនជើងហោះហើរអន្តរជាតិ។ រាល់ការហោះហើរត្រលប់មករកធម្មតាដូចកាលពីមុនកូវីដ-១៩ មកដល់។
វៀតណាម នឹងផ្ដល់ការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ធ្វើការហោះហើរចេញចូលប្រទេសនេះ បន្ទាប់ពីទទួលបានការឯកភាពពីបណ្ដាប្រទេស។
មុននោះ ចាប់ពីថ្ងៃទី ១ មករា ២០២២ វៀតណាម បានបើកជើងហោះហើរអន្តរជាតិទៅកាន់ទីក្រុងមួយចំនួនក្នុងដំណាក់កាលទី ១ រួមមាន តូក្យូ សេអ៊ូល តៃប៉ិ បាងកក សិង្ហបុរី វៀងចន្ទន៍ ភ្នំពេញ សានហ្វ្រានស៊ីស្កូ/ឡូសអាន់ជ័រលេស ប្រទេសចិន (ចិន មិនទាន់អនុញ្ញាត) និងបន្តបើកជើងហោះហើរទៅកាន់ អូស្ត្រាលី រុស្ស៊ី អង់គ្លេស បារាំង អាល្លឺម៉ង់ នៅក្នុងខែកុម្ភៈ ២០២២។
អ្នកដំណើរលើយន្តហោះអន្តរជាតិដែលចេញចូល វៀតណាម នឹងត្រូវអនុវត្តវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងនោះ ពេលឡើងយន្តហោះ អ្នកដំណើរត្រូវមានលិខិតបញ្ជាក់អំពីលទ្ធផលតេស្ត PCR អវិជ្ជមាននឹង កូវីដ-១៩ ក្នុងរយៈ ៧២ ម៉ោង, លិខិតបញ្ជាក់ការចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់អំពីការជាសះស្បើយពីជំងឺកូវីដ-១។
បន្ទាប់ពីចុះពីយន្តហោះ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ឬអ្នកដែលបានជាសះស្បើយ នឹងត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះ ៣ ថ្ងៃ ប៉ុន្តែ បើចាក់វ៉ាក់សាំងមិនទាន់គ្រប់ដូស ត្រូវធ្វើចត្តាឡីស័យ ៧ ថ្ងៃ។ អ្នកដំណើរដែលចាក់វ៉ាក់សាំងមិនទាន់ពេញលេញ ឬមិនទាន់ត្រូវបានទទួលស្គាល់ថា បានជាពីជំងឺ នឹងត្រូវមានលិខិតបញ្ជាក់ថា មានលក្ខណៈគ្រប់គ្រាប់ដែលអាចធ្វើចត្តាឡីស័កនៅផ្ទះ ឬលិខិតបញ្ជាក់ថា បានកក់បន្ទប់សណ្ឋាគារ (តិចបំផុត ៧ ថ្ងៃ) រួចហើយ។ នៅពេលអ្នកដំណើរបំពេញបែបបទឡើងយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍នឹងពិនិត្យលិខិតទាំងនេះ៕