Kat Norton បង្រៀន Excel ដល់បុគ្គល ក្រុមហ៊ុន និងស្ថាប័នអប់រំនានា។ ចាប់តាំងពីបានបញ្ចេញ Miss Excel កាលពីឆ្នាំ ២០២០ Kat រកបានអ្នកតាមដានគណនី TikTok និង Instagram របស់ខ្លួន ឡើងដល់ជាង ១ លាននាក់។
ដូចទៅនឹងអ្នកដទៃ ដំណាក់កាលដំបូងៗនៃសម័យកូវីដ Kat នៅតែផ្ទះ។ ប៉ុន្តែ ក្រោយរយៈពេលធ្វើការពីផ្ទះបានប៉ុន្មានខែ នាងក៏ចាប់ផ្ដើមធុញ។ ថ្ងៃមួយ បន្ទាប់ពីបាននិយាយគ្នាជាមួយមិត្តភក្ដិ Kat បានគិតដល់ការចេញរកស៊ី ដោយពឹងលើបទពិសោធន៍ ៤ ឆ្នាំ ដែលបានធ្វើការឱ្យក្រុមហ៊ុនប្រឹក្សាយោបល់។ Kat ក៏ចាប់ផ្ដើមបង្រៀន Excel និងបង្ហោះវានៅលើ TikTok។
ចុងក្រោយ គំនិតរបស់នាងបានប្រែក្លាយទៅជា Miss Excel ហើយការងារនេះក៏បានក្លាយជាមុខរបរចម្បងរបស់នាង។ Kat បង្កើតបានក្រុមហ៊ុនមួយដែលរកចំណូលបាន ១ លានដុល្លារ ដោយមានអ្នកតាមដានជាង ១ លាននាក់ នៅលើ TikTok និង Instagram។
ដំណើរដើមទងនៃការប្រែក្លាយការងារបន្ទាប់បន្សំ ឱ្យទៅជាក្រុមហ៊ុនរកចំណូលបានខ្ទង់លានដុល្លារ
Kat បង្ហោះវីដេអូដំបូងរបស់ខ្លួនលើ TikTok កាលពីខែមិថុនា ២០២០ ក្រោយមក នាងចាប់ផ្ដើមបង្ហោះ ១ វីដេអូ/ថ្ងៃ។ ជោគជ័យក៏បានមកដល់ បន្ទាប់ពីបង្ហោះវីដេអូទី ៤ ដែលនិយាយអំពីមុខងារ XLOOKUP របស់ Excel។ វីដេអូនេះ មានអ្នកចូលមើលជាង ១០០,០០០ នាក់ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
វីដេអូទី ៦ របស់ Kat បានធ្វើឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន CNTT ចាប់អារម្មណ៍ និងផ្ញើសារមកប្រាប់ថា ចង់ជួល Kat បង្កើតវីដេអូបណ្ដុះបណ្ដាលអំពី Excel ដល់អតិថិជនរបស់គាត់។ Kat បានយល់ព្រម និងចាប់ផ្ដើមបំពាក់ឧបករណ៍បន្ថែមដើម្បីជួយដល់ការបង្រៀន។
មិនយូរប៉ុន្មាន Kat បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន និងបង្កើតវីដេអូបានជាច្រើនឈុត។ ដល់ខែតុលា ២០២០ ចំនួនអ្នកតាមដានលើ TikTok និង Instagram របស់នាង បានឡើងដល់ ៣០០,០០០ នាក់។ នាងក៏ក្លាយជាអ្នកពិពន្ធខ្លឹមសារវីដេអូ «ពេញម៉ោង»។ ក្រោយមក Kat ក៏បានគិតដល់ការបង្កើតវគ្គសិក្សាអនឡាញ និងលក់ឱ្យអ្នកប្រើប្រាស់តាមរយៈបណ្ដាញសង្គម។
Kat បានឈប់ធ្វើការជាអ្នកប្រឹក្សាយោបល់ និងថតវីដេអូបានជាង ១០០ ឈុត រួចក៏ច្របាច់វាបញ្ចូលគ្នាទៅជាកញ្ចប់សិក្សាដែលមានឈ្មោះថា The Excelerator Course។ វគ្គសិក្សានេះមានតម្លៃ ២៩៧ ដុល្លារ/វគ្គ។ ខែវិច្ឆិកា ២០២០ Kat បានលក់វគ្គសិក្សាដំបូងរបស់ខ្លួន។ ដល់ខែមករា ២០២១ នាងរកបានប្រាក់អកម្ម ១៥,០០០ ដុល្លារ/ខែ ពីវគ្គសិក្សានេះ។ Kat បានឈប់ធ្វើការផ្សេង ហើយងាកមកធ្វើជាម្ចាស់ក្រុមហ៊ុន។
អភិវឌ្ឍ Miss Excel
ក្រោយពីចំណាយពេលទាំងស្រុងលើការងារបង្រៀន Excel កញ្ញា Kat ក៏រកបាន ១ លានដុល្លារ ពី Miss Excel។ ខែតុលា ២០២១ នាងរកបានជាង ១០០,០០០ ដុល្លារក្នុងរយៈពេលតែ ១ ថ្ងៃ។
ទន្ទឹមនឹងវគ្គ Excelerator កញ្ញា Kat ក៏មាន ២ វគ្គទៀត ទាក់ទងនឹង Excel រួមនឹងវគ្គសម្រាប់ PowerPoint, Word, Teams, Outlook, OneNote និង Google Sheets។
វគ្គសិក្សាលក់រាយ មានតម្លៃពី ៤៤ ដុល្លារ ដល់ ៣៩៧ ដុល្លារ/វគ្គ។ នាងក៏មានវគ្គដែលមានតម្លៃចាប់ពី ៣៩៧ ដុល្លារ ដល់ ៩៩៧ ដុល្លារផងដែរ។
គម្រោងថ្មីបំផុតរបស់នារីវ័យ ២៨ ឆ្នាំរូបនេះ មានឈ្មោះថា Workplace FUNdamentals Course ដែលបង្រៀនអំពីជំនាញសំខាន់ៗនៅត្រូវការចាំបាច់នៅក្នុងកន្លែងធ្វើការ ដូចជា Microsoft Office។ល។ ក្រៅពីវគ្គសិក្សាដែលលក់ជាកញ្ចប់ Kat ក៏មានវគ្គបណ្ដុះបណ្ដាលផ្នែក Excel សម្រាប់ក្រុមហ៊ុន និងធ្វើជាវាគ្មិនក្នុងកម្មវិធីលើកទឹកចិត្តផ្សេងៗផងដែរ។
Kat ក៏បានលើកឡើងនូវអនុសាសន៍មួយចំនួនដើម្បីអាចកសាងក្រុមហ៊ុនមួយ ដែលឆ្ពោះទៅរកភាពជោគជ័យ៖
១-រកឱ្យឃើញនូវគោលដៅពិតប្រាកដរបស់ខ្លួន
២-ថែទាំសុខភាពរាងកាយ និងរូបសម្ផស្សរបស់ខ្លួន
៣-ត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីប្រឈម និងដោះស្រាយបញ្ហា