(អ៊ីតាលី)-Giulio Burattini ដែលជាព្រានព្រៃក្នុងតំបន់ Tuscan បានបាញ់ចំជ្រូកព្រៃមួយក្បាល ប៉ុន្តែ ត្រូវជ្រូកព្រៃនោះបែរក្រោយ រត់សំដៅមកខាំត្រង់ជើង ធ្វើឱ្យដាច់សរសៃឈាមត្រគាក និងស្លាប់បាត់បង់ជីវិត។
Burattini អាយុ ៣៦ ឆ្នាំ កាលពីថ្ងៃទី ១៩ មករា បានចេញទៅបរបាញ់សត្វព្រៃជាមួយឪពុក នៅក្នុងព្រៃ Tuscan ភាគកណ្ដាលនៃ ប្រទេសអ៊ីតាលី។ Burattini បានឃើញជ្រូកព្រៃមួយក្បាល ហើយក៏បានបាញ់នឹងកាំភ្លើងមួយគ្រាប់ ធ្វើឱ្យជ្រូកព្រៃនោះដួលទៅលើដី។
ដោយស្មានថាជ្រូកព្រៃនេះងាប់ Burattini ក៏ចូលទៅក្បែរ។ ប៉ុន្តែ ភ្លាមនោះជ្រូកព្រៃក៏បានក្រោកឈរ និងរត់ចូលមកខាំគាត់ទៅវិញ។ បុរសជាឪទុកដែលឈរនៅក្បែរ បានត្រឹមតែស្រែកហៅគេឱ្យជួយក្នុងក្ដីអស់សង្ឃឹម។
ស្នាមខាំរបស់ជ្រូកព្រៃ ធ្វើឱ្យដាច់សរសៃឈាមធំត្រង់ត្រគាក។ Burattini នៅតែមិនអាចរស់បាន បើទោះជាក្រុមសង្គ្រោះបានមកដល់កន្លែងកើតហេតុ និងជួយស្រោចស្រង់។ បុរសជាឪទុកមានការរន្ធត់ខ្លាំង ស្ទើរបាត់បង់ស្មារតី ហើយក៏ត្រូវបានព្យាបាលនៅនឹងកន្លែង។
នៅតំបន់ជនបទនៃ ប្រទេសអ៊ីតាលី ការបរបាញ់ជ្រូកព្រៃគឺជាកីឡាពេញនិយម ហើយសាច់ជ្រូកព្រៃក៏ជាអាហារដែលពួកគេចូលចិត្ត។ Coldiretti ដែលជាសមាគមកសិកម្មធំបំផុតរបស់ អ៊ីតាលី បានឱ្យដឹងថា ជ្រូកព្រៃប្រមាណជាង ២ លានក្បាល កំពុងរស់នៅក្នុងព្រៃនៃប្រទេសនេះ៕