រដ្ឋាភិបាលអាម៉េរិក ប្រកាសផ្អាកការហោះហើរចំនួន ៤៤ ជើង ពីប្រទេសនេះទៅកាន់ ប្រទេសចិន ដើម្បីឆ្លើយតបនឹងកាយវិការដូចគ្នានេះពីសំណាក់ទីក្រុងប៉េកាំង។
ក្រសួងចរាចរណ៍សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី ២១ មករា បានឱ្យដឹងថា ការសម្រេចរបស់ សហរដ្ឋអាម៉េរិក នឹងមានសុពលភាពចាប់ពីថ្ងៃទី ៣០ មករា រហូតដល់ថ្ងៃទី ២៩ មីនា។ ក្រុមហ៊ុនដែលត្រូវបានផ្អាករួមមាន Xiamen Airlines, Air China, China Southern Airlines និង China Eastern Airlines។
មុននោះ រដ្ឋាភិបាលចិន ក៏បានផ្អាកការហោះហើរចំនួន ៤៤ ជើង របស់ក្រុមហ៊ុនអាម៉េរិក រួមមាន United Airlines, American Airlines និង Delta Airlines ចាប់ពីថ្ងៃទី ៣១ ធ្នូ ២០២១ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមាននឹងកូវីដ-១។ សហរដ្ឋអាម៉េរិក ក៏បានឱ្យដឹងថា លើកចុងក្រោយបង្អស់ ពោលគឺនៅថ្ងៃទី ១៨ មករា រដ្ឋាភិបាលចិន ក៏បានប្រកាសផ្អាកការហោះហើររបស់ពួកគេផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក បានគាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលអាម៉េរិក ដោយលើកឡើងថា គឺដើម្បីធានានូវយុត្តិធម៌លើទីផ្សារ។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីងតោន ប្រកាសថា ស្ថានភាពនេះនឹងអាចត្រូវបានស្ដារឡើងវិញ នៅពេល ចិន កែប្រែសេចក្ដីសម្រេចរបស់ខ្លួន។
ចំណែកអ្នកនាំពាក្យរបស់ស្ថានទូតចិន ប្រចាំ សហរដ្ឋអាម៉េរិក លោក Liu Pengyu បានឱ្យដឹងថា គោលនយោបាយសម្រាប់ការហោះហើរដឹកអ្នកដំណើរអន្តរជាតិមកកាន់ ប្រទេសចិន ត្រូវបានអនុវត្តដោយស្មើភាពគ្នា មិនថាក្រុមហ៊ុនអាកាសចរណ៍ចិន ឬបរទេស៕