ទិដ្ឋភាពដូចបាននិយាយក្នុងចំណងជើងរបស់អត្ថបទនេះ កំពុងទាក់ទាក់ចំណាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ ថ្មីៗនេះ នៅលើទំព័របណ្ដាញសង្គម Youtube របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates (នៃរាជាណាចក្រឌូបៃ) បានបង្ហោះវីដេអូមួយប្រកបដោយភាពទាក់ទាញ។
វីដេអូបង្ហាញថា នារីដែលស្លៀកឈុតអ្នកបម្រើលើយន្តហោះម្នាក់ ឈរនៅលើកំពូលអគារ Burj Khalifa (កម្ពស់ជិត ៨៣០ ម៉ែត្រ) ដែលខ្ពស់ជាងគេបង្អស់ក្នុងពិភពលោក និងស្ថិតនៅក្នុង ទីក្រុងឌូបៃ។ នារីរូបនេះនិយាយថា៖ «ខ្ញុំនៅតែស្ថិតនៅទីនេះ»។ ភ្លាមនោះ យន្តហោះ ១ គ្រឿង ប្រភេទធំបំផុតក្នុងពិភពលោក គឺ Airbus A៣៨០ ក៏បង្ហាញខ្លួននៅខាងក្រោយខ្នងរបស់នារីនេះ។
សារដែលនារីរូបនេះ រួមនឹងក្រុមអ្នកបើកបរយន្តហោះ Emirates A៣៨០ ផ្ញើជូនពិភពលោក នោះគឺ៖ «សូមហោះហើរជាមួយយន្តហោះ Emirates A៣៨០ ដើម្បីទៅចូលរួមព្រឹត្តិការណ៍ Dubai Expo ២០២០ ដែលជាពិធីតាំងពិព័រណ៍អន្តរជាតិធំបំផុតក្នុងពិភពលោក»។
Dubai Expo ២០២០ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១ តុលា ២០២១ ដល់ ៣១ មីនា ២០២២។ ក្នុងព្រឹត្តិការណ៍នេះ មានប្រទេសចំនួន ១៩២ កំពុងតាំងបង្ហាញផលិតផល និងសេវារបស់ពួកគេ ក្នុងនោះមាន កម្ពុជា ផងដែរ។
នារីជាអ្នកបម្រើលើយន្តហោះនៅក្នុងវីដេអូនេះ តាមពិតគឺជា Nicole Smith-Ludvik ដែលជាអត្តពលិកផ្នែកលោតឆត្រយោង និងជាបុគ្គលល្បីឈ្មោះនៅលើបណ្ដាញសង្គម។
វីដេអូនេះ បានទាក់ទាញអ្នកចូលមើលរាប់លានលើក។ អ្នកចូលមើលជាច្រើនឆ្ងល់ថា ហេតុអ្វីយន្តហោះអាចហោះក្បែរនារីរូបនេះបានយ៉ាងដូច្នេះ។ ក្រុមហ៊ុន Emirates បានចូលមកបកស្រាយថា ថាពិត យន្តហោះនេះ ហោះឆ្ងាយពីនាងរហូតដល់ ៨០០ ម៉ែត្រ ប៉ុន្តែ ដោយសារអ្នកថតស្ថិតនៅជិត នាង Nicole Smith-Ludvik ពេក ទើបឃើញយន្តហោះនៅជិតបង្កើយដូច្នេះ៕