តារា TikTok ជាច្រើន កំពុងសប្បាយចិត្ត ព្រោះតែរកបានប្រាក់ច្រើននៅក្នុងឆ្នាំ ២០២១ ក្នុងនោះ មានតារាមួយចំនួនរកបានប្រាក់ពី TikTok ច្រើនជាង CEO កំពូលៗមួយចំនួននៅ សហរដ្ឋអាម៉េរិក ទៀតផង។
Charli D’ Amelio ដែលបានចាប់ផ្ដើមបង្ហោះវីដេអូរាំរែករបស់ខ្លួន លើបណ្ដាញសង្គម TikTok តាំងពីឆ្នាំ ២០១៩ រកបានប្រាក់ ១៧.៥ លានដុល្លារអាម៉េរិក កាលពីឆ្នាំ ២០២១ នេះបើតាម Forbes។ ថ្មីៗនេះ នាងមានវត្តមាននៅក្នុងចំណោម TikToker ដែលរកបានចំណូលខ្ពស់បំផុតក្នុងឆ្នាំ ២០២។ ដោយមានអ្នកតាមដានជាង ១៣៣ លាននាក់នៅលើ TikTok នាង D’ Amelio រកបានប្រាក់យ៉ាងច្រើនពីតួនាទីជាអ្នកតំណាងឱ្យក្រុមហ៊ុនលក់សម្លៀកបំពាក់ ផ្សព្វផ្សាយផលិតផល និងបណ្ដាខ្លឹមសារផ្សេងៗនៅលើ TikTok។
និយាយអំពីប្រាក់បៀវត្សរ៍មធ្យមភាគរបស់ CEO នៃបណ្ដាក្រុមហ៊ុននៅក្នុង S&P 500 (សន្ទស្សន៍នៃបណ្ដាក្រុមហ៊ុនធំៗទាំង ៥០០ នៅក្នុងផ្សារហ៊ុន សហរដ្ឋអាម៉េរិក) គឺ ១៣.៤ លានដុល្លារ ក្នុងឆ្នាំ ២០២០ (ទិន្នន័យសម្រាប់ឆ្នាំ ២០២១ មិនទាន់ត្រូវបានចេញផ្សាយ) នេះបើតាមការវិភាគរបស់ Wall Street Journal (WSJ)។
ប្រាក់ចំណូលរបស់ D’ Amelio ខ្ពស់ជាងឆ្ងាយ ធៀបនឹង CEO របស់ក្រុមហ៊ុនធំៗមួយចំនួន ដូចជា CEO Darren Woods នៃក្រុមហ៊ុន Exxon Mobil (១៥.៦ លានដុល្លារ ក្នុងឆ្នាំ ២០២០), Kevin Johnson នៃក្រុមហ៊ុន Starbucks (១៤.៧ លានដុល្លារ), Ed Bastian នៃក្រុមហ៊ុន Delta Air Lines (ជាង ១៣ លានដុល្លារ), និង Chris Kempczinski នៃក្រុមហ៊ុន McDonald’s (១០.៨ លានដុល្លារ)។
Dixie D’ Amelio ដែលជាបងស្រីរបស់ Charli D’ Amelio មានអ្នកតាមដានប្រហែល ៦០ លាននាក់នៅលើ TikTok។ ប៉ុន្តែ នាងនៅតែជាអ្នកដែលរកបានប្រាក់ច្រើនជាងគេលំដាប់ទី ២ លើបណ្ដាញសង្គមនេះ ដោយរកបាន ១០ លានដុល្លារ។ តួលេខនេះប្រហាក់ប្រហែលនឹងប្រាក់បៀវត្សរ៍របស់ Gary Kelly ដែលជា CEO របស់ Southwest Airlines។
ក៏ប៉ុន្តែ នៅមាន CEO មួយចំនួនរបស់បណ្ដាក្រុមហ៊ុនក្នុងសន្ទស្សន៍ S&P 500 ដែលរកបានប្រាក់ច្រើនជាងនេះ។ Robert Kotick នៃក្រុមហ៊ុនហ្គេម Activision-Blizzard រកបានជិត ១៥៥ លានដុល្លារក្នុងឆ្នាំ ២០២០, Tim Cook របស់ Apple រកបានជិត ៩៩ លានដុល្លារ។
ប្រាក់ដែលបណ្ដា TikToker រកបាន បានកើនឡើងខ្ពស់ក្នុងឆ្នាំ ២០២។ យោងតាម Forbes អ្នកលេង TikTok ៧ នាក់ ក្នុងចំណោមអ្នកលេងអាជីពដែលរកបានប្រាក់ច្រើនជាងគេលើបណ្ដាញសង្គមនេះ រកបានសរុប ៥៥.៥ លានដុល្លារ កាលពីឆ្នាំទៅ កើន ២០០% ធៀបនឹងឆ្នាំ ២០២០។
ក្រុមហ៊ុន TikTok បានឱ្យដឹងថា កាលពីឆ្នាំ ២០២១ បណ្ដាញសង្គមនេះ មានអ្នកប្រើប្រាស់ប្រចាំខែ ឡើងដល់ជាង ១,០០០ លាននាក់។
ទោះជាយ៉ាងណាក៏ដោយ បណ្ដារូបភាពអវិជ្ជមាននៅលើបណ្ដាញសង្គមនេះ អាចប៉ះពាល់ដល់ផ្លូវចិត្តរបស់ក្មេងជំទង់មួយចំនួន។ សារព័ត៌មាន WSJ ថ្មីៗនេះបានធ្វើការស៊ើបអង្កេតមួយ និងបានរកឃើញថា បណ្ដាញសង្គម TikTok អាចទាក់ទាញមនុស្សគ្រប់គ្នា និងអាចជំរុញឱ្យក្មេងជាអនីតិជន ចូលទៅដល់ខ្លឹមសារដែលទាក់ទងនឹងផ្លូវភេទ និងគ្រឿងញៀន៕