ប្រទេសចិន កំពុងដំឡើងរោងចក្រអគ្គិសនីដែលបានមកពីថាមពលព្រះអាទិត្យ រាប់សិបកន្លែង ដើម្បីផ្គត់ផ្គង់អគ្គិសនីសម្រាប់ការបូមទឹកស្រោចដើមឈើដែលដាំតាម «បណ្ដោយជាយផ្លូវបៃតង» ឆ្លងកាត់សមុទ្រខ្សាច់នៅ ស៊ីជាំង។
តាមផែនការ គម្រោងដំឡើងរោងចក្រថាមពលព្រះអាទិត្យចំនួន ៨៦ កន្លែង នៅតាមបណ្ដោយផ្លូវលើសមុទ្រខ្សាច់ត្រង់ចំណុចបាតខ្ទះ តាមរីម (Tarim) ដែលស្ថិតក្នុងតំបន់ស្វយ័ត ស៊ីនជាំង ភាគពាយព្យនៃ ប្រទេសចិន នឹងត្រូវបានអនុវត្តរួចរាល់ជាស្ថាពរនៅខែមីនា ឆ្នាំ ២០២២ នេះ។
ផ្លូវប្រវែងសរុប ៥៥៦ គីឡូម៉ែត្រនេះ ឆ្លងកាត់សមុទ្រខ្សាច់ Taklamakan ដែលជាសមុទ្រខ្សាច់ចល័តធំជាងគេលំដាប់ទីពីរក្នុងពិភពលោក។ «តំបន់បណ្ដោយជាយផ្លូវបៃតង» មានប្រវែង ៤៣៦ គីឡូម៉ែត្រ និងទទឹងជាង ៧០ ម៉ែត្រ ត្រូវបានដាំដើមឈើប្រមាណ ២០ លានដើម។ តំបន់នេះ បានជួយការពារផ្លូវនេះពីការលុកចូលរបស់ខ្សាច់។
រោងចក្រថាមពលព្រះអាទិត្យថ្មីចំនួន ៨៦ ទីតាំងនេះ នឹងផ្គត់ផ្គង់អគ្គិសនីស្អាតសម្រាប់ការបូមទឹកពីក្រោមដី ដើម្បីស្រោចដើមឈើ។ យោងតាមការគណនា រោងចក្រថាមពលព្រះអាទិត្យនេះ នឹងជួយកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូត រហូតដល់ជាង ១,០០០ តោន និងឧស្ម័ន CO2 ប្រហែល ៣,៤១០ តោន ជារៀងរាល់ឆ្នាំ៕