បុគ្គលិករបស់ក្រុមហ៊ុន Panasonic អាចទទួលយកការងារបន្ថែមទៅធ្វើ ឬចំណាយពេលវេលាក្នុងថ្ងៃសម្រាករបស់ពួកគេ ទៅធ្វើជាអ្នកស្ម័គ្រចិត្តនៅតាមអង្គការនានាក៏បាន។
ថ្មីៗនេះ ក្រុមហ៊ុន Panasonic បានឱ្យដឹងថា ពួកគេទើបតែបានផ្ដល់ជម្រើសស្ដីពីការធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ សម្រាប់បុគ្គលិក។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្ដាហ៍មុន CEO Yuki Kusumi ឱ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុន Panasonic អាចទទួលយកការងារបន្ថែមទៅធ្វើ ឬចំណាយពេលវេលាដើម្បីធ្វើជាអ្នកស្ម័គ្រចិត្តនៅក្នុងអង្គការនានានៅថ្ងៃដែលពេលគេត្រូវបានអនុញ្ញាតឱ្យសម្រាក។
មូលហេតុនៃការសម្រេចចិត្តនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺដើម្បីធ្វើឱ្យមានតុល្យភាពរវាងការងារ និងការរស់នៅសម្រាប់បុគ្គលិករបស់ពួកគេ។ ជាងនេះ Panasonic ក៏នឹងអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីចម្ងាយ បើសិនបុគ្គលិករើទៅរស់នៅកន្លែងផ្សេងដែលឆ្ងាយពីក្រុមហ៊ុនជាងបច្ចុប្បន្ន។
កាយវិការរបស់ Panasonic ត្រូវបានគេចាត់ទុកថា ជាការ «ដើរតាមនិន្នាការថ្មី» នាបច្ចុប្បន្ន ដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងពិភពលោក បាន និងកំពុងធ្វើ ក្នុងបំណងទាក់ទាញមនុស្សពូកែ។
នៅ ប្រទេសជប៉ុន អ្នកធ្វើច្បាប់មួយក្រុមកំពុងពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ដែលអនុញ្ញាតឱ្យបុគ្គលិកក្រុមហ៊ុនបានសម្រាកថែម ១ ថ្ងៃទៀត ក្រៅពី ២ ថ្ងៃនៅចុងសប្ដាហ៍ ដើម្បីលើកកម្ពស់ការថែរក្សាសុខភាព។
ក៏ប៉ុន្តែ បច្ចុប្បន្ន បណ្ដាក្រុមហ៊ុនដែលអនុវត្ត «១ សប្ដាហ៍ ធ្វើការ ៤ ថ្ងៃ» នៅតែជាក្រុមភាគតិចនៅឡើយ នៅ ប្រទេសជប៉ុន។ ការស្រាវជ្រាវរបស់ក្រសួងការងារជប៉ុន កាលពីឆ្នាំ ២០២០ បង្ហាញថា មានក្រុមហ៊ុនជប៉ុន ប្រហែល ៨% ប៉ុណ្ណោះដែលអនុញ្ញាតឱ្យបុគ្គលិកសម្រាកលើសពី ២ ថ្ងៃ/សប្ដាហ៍។
ទោះជាយ៉ាងណាក៏ដោយ ប្រការខាងលើទំនងជាកំពុងប្ដូរផ្លាស់។ យោងតាមសារព័ត៌មាន Nikkei ក្រុមហ៊ុនផលិតឱសថ Shionogi ដែលកំពុងអភិវឌ្ឍថ្នាំលេបព្យាបាលជំងឺកូវីដ-១៩ នឹងអនុញ្ញាតឱ្យបុគ្គលិកសម្រាក ៣ ថ្ងៃ/សប្ដាហ៍ ចាប់ពីខែមេសា ២០២២ តទៅ។ ចំណែក Yahoo Japan និង Sompo Himawari Life Insurance ក៏អនុញ្ញាតឱ្យបុគ្គលិកដែលត្រូវមើលថែកូនតូច ឬមើលថែអាណាព្យាបាលវ័យចំណាស់ ធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ផងដែរ៕