ក្រោយការប្រកាសរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញថា «ល្អខ្លាំង» ភាគហ៊ុនរបស់ក្រុមហ៊ុន Oracle ក៏បានឡើងថ្លៃ ជួយឱ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Larry Ellison កើនឡើងដល់ជិត ១៤០ ពាន់លានដុល្លារអាម៉េរិក។
យោងតាមបញ្ជីមហាសេដ្ឋីរបស់ទស្សនវដ្ដី Forbes ប្រធានក្រុមហ៊ុន Oracle លោក Larry Ellison បច្ចុប្បន្នមានទ្រព្យសរុប ១៣៥.៧ ពាន់លានដុល្លារ និងជាអ្នកមានជាងគេលំដាប់ទី ៥ ក្នុងពិភពលោក។ ទ្រព្យរបស់លោកបានកើន ១៥.១ ពាន់លានដុល្លារ បន្ទាប់ពីការជួញដូរកាលពីថ្ងៃទី ១០ ធ្នូ ដោយសារភាគហ៊ុន Oracle កើនជិត ១៥% ក្រោយប្រកាសរបាយការណ៍ហិរញ្ញវត្ថុ ដែលល្អលើសពីការរំពឹងទុក។
លោក Ellison បច្ចុប្បន្នគឺជាភាគហ៊ុនិកធំជាងគេបង្អស់របស់ក្រុមហ៊ុននេះ ដោយកាន់កាប់ ១.១៤ ពាន់លានហ៊ុន។ យោងតាមស្ថិតិរបស់ Forbes លោក Ellison បាន «លោតរំលង» Larry Page និង Sergey Brin ដែលជាសហស្ថាបនិករបស់ Google ហើយក្លាយជាអ្នកមានជាងគេលំដាប់ទី ៥ ក្នុងពិភពលោក។ បច្ចុប្បន្ន ទ្រព្យរបស់ Ellison តិចជាងទ្រព្យរបស់ Bill Gates ត្រឹមតែជិត ៤ ពាន់លានដុល្លារប៉ុណ្ណោះ។
លោក Ellison ឆ្នាំនេះមានអាយុ ៧៧ ឆ្នាំ។ លោកគឺជាសហស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Oracle កាលពីឆ្នាំ ១៩៧។ ទ្រព្យភាគច្រើនរបស់លោក បានមកពីភាគហ៊ុននៅក្នុងក្រុមហ៊ុននេះ។ ភាគហ៊ុន Oracle បានកើនជិត ៦០% នៅក្នុងឆ្នាំ ២០២១ ជួយឱ្យ Ellison រកបាន ៤៤ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងឆ្នាំនេះ។
លោក Ellison ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla របស់មហាសេដ្ឋី Elon Musk ផងដែរ។ ចុងឆ្នាំ ២០១៨ លោក Ellison បានបង្ហើបឱ្យដឹង បានទិញភាគហ៊ុន Tesla ចំនួន ១ ពាន់លានដុល្លារ។ ៣ ឆ្នាំមកនេះ មូលធនទីផ្សាររបស់ Tesla បានកើនសរុបជិត ១,៣០០%។ បច្ចុប្បន្ន តម្លៃភាគហ៊ុនរបស់ Ellison នៅក្នុងក្រុមហ៊ុន Tesla គឺ ១៦ ពាន់លានដុល្លារអាម៉េរិក៕