ដើម្បីជួយដល់អតិថិជនដែលមានបំណងទទួលបាននូវការស្លាប់ប្រកបដោយភាពសុខស្រួល អង្គការមិនស្វែងរកកម្រៃមួយ បានបង្កើតឧបករណ៍ជំនួយការស្លាប់មួយប្រភេទ ដែលត្រូវបានបោះពុម្ភដោយម៉ាស៊ីន 3D។
អង្គការមួយដែលមានមូលដ្ឋាននៅ ប្រទេសអូស្ត្រាលី បានផលិតមឈូសមួយប្រភេទដែលច្នៃដោយម៉ាស៊ីនបោះពុម្ភ 3D ដែលអនុញ្ញាតឱ្យអតិថិជនទទួលបាននូវការស្លាប់ប្រកបដោយភាពសុខសាន្ត។ ឧបករណ៍នេះនឹងត្រូវបានដាក់លក់ជូនអតិថិជននៅក្នុង ប្រទេសស្វ៊ីស ចាប់ពីឆ្នាំ ២០២។
មឈូសវិទ្យាសាស្ត្រនេះមានរូបរាងដូចទៅនឹងគ្រាប់ឱសថ និងត្រូវបានអង្គការ Exit International ផលិតឡើងសម្រាប់ជួយដល់ការស្លាប់ ឬហៅថា ម៉ាស៊ីនជំនួយដល់ការធ្វើអត្តឃាត។ ឧបករណ៍នេះមានឈ្មោះថា «ម៉ាស៊ីន Sarco»។
នៅ ប្រទេសស្វ៊ីស បច្ចុប្បន្ន វិធីសាស្ត្រជំនួយដល់ការស្លាប់ កំពុងតែប្រើប្រាស់សារធាតុ pentobarbital sodium ទម្រង់រាវ ដើម្បីជួយឱ្យអ្នកជំងឺបានសន្លប់ មុននឹងស្លាប់។ ប៉ុន្តែ អង្គការ Exit International មានវិធីផ្សេង។
លោក Philip Nitschke ស្ថាបនិករបស់ អង្គការ Exit International ឱ្យដឹងថា នៅពេលអតិថិជនសម្រាកនៅក្នុងមឈូសបច្ចេកវិទ្យា ឬមឈូសយមរាជ នេះ ពួកគេគ្រាន់តែចុចប៊ូតុង ភ្លាមនោះបរិយាកាសនៅខាងក្នុងនឹងពេញដោយ អាសូត ហើយ អុកស៊ីសែន ក៏ថយចុះយ៉ាងលឿន ពី ២១% ដល់ ១%។
ដំណើរការនៃការ «ឆ្លងភព» នេះ ចំណាយពេលមិនដល់ ៣០ វិនាទី ហើយអតិថិជននឹងមានអារម្មណ៍ងងឹតមុខ ឬស្រើបស្រាលបន្តិច នៅមុនពេលបាត់បង់ស្មារតី និងលាចាកលោក។
មឈូសបច្ចេកវិទ្យានេះ កំពុងត្រូវបានវាយតម្លៃ និងពិចារណាដោយក្រុមមន្ត្រីនៃ ប្រទេសស្វ៊ីស។ «ម៉ាស៊ីន Sarco» អាចនឹងត្រូវបានប្រើប្រាស់ជាផ្លូវការចាប់ពីឆ្នាំ ២០២។
សេវាជំនួយការស្លាប់គឺជារូបភាពដែលត្រូវបានគេធ្វើឱ្យស្របច្បាប់នៅក្នុងតំបន់មួយចំនួននៅ សហរដ្ឋអាម៉េរិក ក្នុងនោះរួមមានទាំងរដ្ឋ California, Colorado, Hawaii, New Jersey, Oregon, Washington, Vermont និង Columbia ផងដែរ៕