(វីដេអូ)-ជន​ចំណាកស្រុក ៤៩ នាក់ បាន​ស្លាប់ ដោយសារ​ក្រឡាប់​ឡាន ពេល​កំពុង​ឆ្ពោះ​ទៅកាន់​ព្រំដែន​​ សហរដ្ឋ​អាម៉េរិក

(ម៉ិ​ក​ស៊ិ​ក)-យ៉ាងហោចណាស់​មាន​ជន​ចំណាកស្រុក​ចំនួន ៤៩ នាក់ បាន​បាត់​បង់ជីវិត នៅពេល​រថយន្ត​ដឹក​ពួកគេ​បាន​ក្រឡាប់ និង​បុក​ទៅលើ​ស្ពាន​ថ្នើ​រ​ជើង នៅលើ​ផ្លូវ​ល្បឿន​លឿន​ក្នុង​រដ្ឋ Chiapas។

យោងតាម​របាយការណ៍​បឋម គ្រោះថ្នាក់​នេះ​ទំនង​បណ្ដាលមកពី​ការបើកបរ​ហួស​ល្បឿន​កំណត់​នៅលើ​ផ្លូវ​ល្បឿន​លឿន​ដែល​ភ្ជាប់​ពី​ទីក្រុង Chiapa de Corzo ទៅកាន់​ទីក្រុង​រដ្ឋបាល Tuxtla Gutierrez របស់​រដ្ឋ។ ក្រៅពី ៤៩ នាក់​ដែល​បាន​ស្លាប់ ក៏មាន​អ្នករងរបួស​ចំនួន ៥៨ នាក់ ក្នុងនោះ​មាន ៤០ នាក់ មាន​សភាព​ធ្ងន់ធ្ងរ។

បច្ចុប្បន្ន មិនដឹង​ច្បាស់​ថា ជនរងគ្រោះ​មាន​សញ្ជាតិ​អ្វីខ្លះ​នៅឡើយ ប៉ុន្តែ ពួកគេ​សុទ្ធតែជា​ជន​ចំណាកស្រុក​មកពី តំបន់​អាម៉េរិក​កណ្ដាល។

ក្រុមមន្ត្រី ម៉ិ​ក​ស៊ិ​ក ប៉ុន្មាន​ខែ​មកនេះ បាន​ព្យាយាម​ទប់ស្កាត់​ជន​ចំណាកស្រុក​ដែល​ដើរ​ជា​ក្រុម​ឆ្ពោះទៅកាន់​ព្រំដែន​ជាមួយ សហរដ្ឋ​អាម៉េរិក ប៉ុន្តែ ករណីបែបនេះ​នៅតែ​កើតមាន​ឡើងជា​ហូរហែ។ កាលពី​ខែតុលា អាជ្ញាធរ​រដ្ឋ Tamaulipas ក៏បាន​រកឃើញ​ជន​ចំណាកស្រុក ៦៥២ នាក់ ដែល​ភាគច្រើន​មកពី តំបន់​អាម៉េរិក​កណ្ដាល បាន​ជាប់​នៅក្នុង​រថយន្ត​ដឹកទំនិញ​ចំនួន ៦ គ្រឿង ដែល​បើកបរ​សំដៅ​ទៅកាន់​ព្រំដែន អាម៉េរិក។

ជន​ចំណាកស្រុក​ដែល​ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ តែងតែ​ទទួលបាន​សិទ្ធិ​ស្នាក់​នៅក្នុង ប្រទេស​ម៉ិ​ក​ស៊ិ​ក ជា​បណ្ដោះអាសន្ន ព្រោះ​ពួកគេ​ត្រូវបាន​ចាត់ទុក​ជាស​ក្សី និង​ជា​ជនរងគ្រោះ​នៃ​អំពើ​ល្មើស​ច្បាស់៕

Advertisement