«អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចហើយ ជាមួយនឹងការរង់ចាំទទួលស្វាគមន៍ ទេសចរបរទេសដែលបានវ៉ាក់សាំងពេញលេញ ដែលអញ្ជើញមកទស្សនាខេត្តសៀមរាប» នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានប្រសាសន៍ដូច្នេះ។
ការអះអាងខាងលើនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី 24 វិច្ឆិកា 2021 នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្ថិភាព SOP ដើម្បីទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ។
នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប ឯកឧត្តម ប៊ុន រដ្ឋា បានបន្តថា កម្ពុជាគឺជាប្រទេសដែលបានបើកឡើងទ្វារសង្គម សេដ្ឋកិច្ចឡើងវិញ ដោយសារអត្រានៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងកម្រិតភាគរយខ្ពស់ ដែលពិភពលោកបានទទួលស្គាល់។
កម្ពុជាបានកំណត់ក្នុងបញ្ជីរួចហើយស្ដីពីពលរដ្ឋនៃប្រទេសមួយចំនួននៅលើពិភពលោក មកកាន់ កម្ពុជាដោយមិនចាំបាច់មានទិដ្ឋាការ (VISA) ជាពិសេសគឺបណ្ដាប្រទេសនៅក្នុងតំបន់ អាស៊ាន។ ឯកឧត្តម ប៊ុន រដ្ឋា ក៏បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិសៀមរាប ក៏បានត្រៀមខ្លួនជាស្រេចហើយដែរ សម្រាប់បម្រើការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នានា៕