(ប្រទេសចិន)-កូនក្រមុំម្នាក់នៅខេត្ត Fujian ទទួលបានចំណងដៃជាសាច់ប្រាក់សុទ្ធចំនួន 880,000 យុន (ជិត 138,000 ដុល្លារអាម៉រិក) រួមនឹងមាសទម្ងន់ 10 គីឡូក្រាម នៅក្នុងថ្ងៃរៀបមង្គលការ។
គណនី Weibo ឈ្មោះ Zhang Xiaolei កាលពីសប្ដាហ៍មុន បានបង្ហោះអត្ថបទមួយស្ដីពីរឿងរ៉ាវនៃពិធីរៀបអាពាហ៍ពិពាហ៍ដ៏ប្រណិតមួយដែលមានចំណងដៃជាមាស និងប្រាក់យ៉ាងច្រើនសន្ធឹក របស់កូនក្រមុំមួយរូបដែលមានវ័យខ្ទង់ជាង 20 នៅទីក្រុង Putian នៃខេត្ត Fujian ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមនៅប្រទេសចិន មានការភ្ញាក់ផ្អើល។
យោងតាមការចែករំលែករបស់ Zhang កូនក្រមុំកើតក្នុងត្រកូលអ្នកមាន ដែលឪពុកម្ដាយមានទ្រព្យសម្បត្តិមហាសាលដោយសារជំនួញ។ នាងត្រូវបានឪពុកម្ដាយចាត់ទុកដូចជាត្បូងពេជ្រដ៏កម្រ មិនអាចកាត់ថ្លៃបាន និងរស់នៅក្នុងភាពសម្បូរសប្បាយតាំងពីតូច។ ប៉ុន្តែ ព័ត៌មានស្ដីពីកូនកំលោះ មិនត្រូវបានបង្ហើបឱ្យដឹងឡើយ។
ក្នុងថ្ងៃរៀបការ សាច់ប្រាក់សុទ្ធជាចំណងដៃពីឪទុកម្ដាយរបស់ មានចំនួន 8880,000 យុន (ជិត 138,000 ដុល្លារ) ត្រូវបានចងជាបាច់ ក្រាលពេញលើគ្រែ ខណៈមាសជាគ្រឿងអលង្ការ រួមមាន ខ្សែក កងដៃ និងចិញ្ចៀនជាដើម មានទម្ងន់សរុប 10 គីឡូក្រាម ក៏ត្រូវបានបំពាក់ពេញលើរាងកាយកូនក្រមុំ។
អ្នកលេងបណ្ដាញសង្គមនៅ ប្រទេសចិន បានសម្ដែងការភ្ញាក់ផ្អើលនឹងភាពមានបានរបស់គ្រួសារកូនក្រមុំ ក្នុងនោះមានអ្នកខ្លះស្ងើចសរសើរ តែក៏មានអ្នកខ្លះបញ្ចេញមតិថា៖ «សុភមង្គលមិនអាចវាស់បានដោយប្រាក់កាស» ហើយអ្នកខ្លះក៏ថា៖ «ដូចជាសម្ញែងទ្រព្យសម្បត្តិពេកហើយ»។ល។