ក្រុមការងាររបស់ កម្ពុជា កំពុងរៀបចំតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក រយៈពេល 6 ខែ នៅក្នុងទីក្រុងឌូបៃ របស់ សហភាពអារ៉ាប់រួម។
ការចូលរួមរបស់ កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក នៅ សហភាពអារ៉ាប់រួម លើកនេះ មានសារៈប្រយោជន៍ខ្លាំងណាស់ ទន្ទឹមនឹងការបង្កើតទំនាក់ទំនងល្អជាមួយភាគីម្ចាស់ផ្ទះ។ ក្នុងនោះ កម្ពុជា មានឱកាសផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ វប្បធម៌ ផលិតផលសក្តានុពល និងសមិទ្ធផលធំៗជាច្រើនរបស់ កម្ពុជា ឱ្យពិភពលោកបានស្គាល់។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា ដែលកំពុងរៀបចំតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកនេះផងដែរ នៅក្នុងឱកាសដែលប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំលើកទី 40 របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាព្រឹកថ្ងៃទី 22 ខែវិច្ឆិកា។
ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានវត្តមានរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា រួមនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត នៃក្រសួងទេសចរណ៍ និងគណៈអភិបាលរាជធានីភ្នំពេញ។