សហស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Personio និយាយថា៖ គាត់នៅរក្សារូបដែលបានថតពីអេក្រង់ ទាក់ទងនឹងគណនីធនាគារដែលនៅសល់តែជាង 200 ដុល្លារប៉ុណ្ណោះ ដែលនោះគឺជាអនុស្សាវរីយ៍មិនអាចភ្លេចបាន។
គ្រាន់តែរយៈពេល 6 ឆ្នាំសោះ Personio បានក្លាយជា startup មួយក្នុងចំណោមក្រុមហ៊ុនធុរកិច្ចថ្មីដែលមានតម្លៃជាងគេនៅ ទ្វីបអឺរ៉ុប ដោយត្រូវបានកំណត់តម្លៃឡើងដល់ 6.3 ពាន់លានដុល្លារអាម៉េរិក។ ប៉ុន្តែ មុនពេលរកឃើញជោគជ័យនោះ CEO Hanno Renner បានឆ្លងកាត់ដំណាក់កាលលំបាកៗជាច្រើនទាក់ទងនឹងបញ្ហាប្រាក់កាស។
Renner បានប្រាប់ CNBC ថា៖ «មានពេលមួយនោះ យើងនៅសល់តែ 226 ដុល្លារគត់ ក្នុងគណនីធនាគារ មុនពេលបានទទួលប្រាក់វិនិយោគដំបូង»។
លោក Renner រួមនឹង Roman Schumacher, Arsenity Vershinin និង Ignaz Forstmeier បានបង្កើតក្រុមហ៊ុន Personio នៅក្នុងទីក្រុង Munich (ប្រទេសអាល្លឺម៉ង់) កាលពីឆ្នាំ 2015។ ពួកគេបានជួបគ្នានៅពេលកំពុងសិក្សាផ្នែកបច្ចេកវិទ្យា នៅឯសាកលវិទ្យាល័យមួយនៅ Munich។
Personio ត្រូវបានបង្កើតឡើង បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេនិយាយអំពីឧបសគ្គក្នុងការគ្រប់គ្រងធនធានមនុស្សនៅក្នុងក្រុមហ៊ុន ព្រោះតែមិនមានកម្មវិធីផ្នែកទន់ (software) ដែលជួយដល់កិច្ចការនោះ។
ដោយសារតែនៅជានិស្សិត និងពុំទាន់មានលទ្ធភាពជួលការិយាល័យសម្រាប់ធ្វើការនឹងគេ ដូច្នេះ ពួកគេត្រូវធ្វើការនៅកន្លែងណាក៏បាន ឱ្យតែអាចបង្កើតបានផលិតផលដំបូង។ ពួកគេត្រូវប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួនដើម្បីផ្គត់ផ្គង់ការចំណាយ។
ក្រោយពីទទួលបានប្រាក់ពីអតិថិជន ពួកគេក៏យកប្រាក់ចំណូលនោះទៅចុះឈ្មោះស្នើសុំប័ណ្ណប៉ាតង់ ជួលបន្ទប់ការិយាល័យតូចមួយ និងជ្រើសរើសបុគ្គលិកមួយចំនួន។ ឆ្នាំ 2016 Personio ប្រមូលទុនបាន 2.1 លានដុល្លារ ពី Global Founders Capital ជាក្រុមហ៊ុនដែលបានវិនិយោគទៅលើ LinkedIn និង Facebook។
មុនពេលអ្វីៗដំណើរការដោយរលូន សហស្ថាបនិករបស់ Personio ត្រូវដោះស្រាយបញ្ហាជាច្រើន ក្នុងនោះមានបញ្ហាហិរញ្ញវត្ថុគឺជារឿងធំ។
«ខ្ញុំនៅរក្សារូបដែលថតបានពីអេក្រង់ស្ដីពីគណនីធនាគារដែលនៅសល់តែជាង 200 ដុល្លារប៉ុណ្ណោះ។ នោះគឺជាអនុស្សាវរីយ៍ដែលមិនអាចភ្លេចបាន» Renner និយាយដូច្នេះ។
ស្ថានភាពហិរញ្ញវត្ថុរបស់ Personio បានប្រែប្រួលខ្លាំងបន្ទាប់ពីទទួលបានខ្ទង់វិនិយោគ 2.1 លានដុល្លារ។ ក្នុងការប្រមូលទុនថ្មីបំផុតនៃស៊េរី E កាលពីខែមុន ក្រុមហ៊ុន Personio រកបានទុនវិនិយោគ 270 លានដុល្លារ និងត្រូវបានកំណត់តម្លៃឡើងដល់ 6.3 ពាន់លានដុល្លារ។ នេះគឺជាជំហានដ៏វែងសម្រាប់ Personio ព្រោះថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនត្រូវបានកំណត់តម្លៃត្រឹមតែ 1.7 ពាន់លានដុល្លារប៉ុណ្ណោះ។
គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យា Personio ប្រមូលទុនបានសរុបចំនួនជាង 500 លានដុល្លារអាម៉េរិក ពីក្រុមអ្នកវិនិយោគ។
ខ្ទង់ប្រាក់វិនិយោគថ្មីបំផុតដែលប្រមូលបាន កំពុងត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍប្រភេទកម្មវិធីថ្មីដែលមានឈ្មោះថា People Workflow Automation។ កម្មវិធីនេះនឹងជួយលុបបំបាត់រនាំងរវាងផ្នែកគ្រប់គ្រងធនធានមនុស្ស និងផ្នែកផ្សេងៗរបស់ក្រុមហ៊ុន។
Renner បានបញ្ជាក់ថា៖ «ចំពោះខ្ញុំ ការបង្កើតក្រុមហ៊ុនមួយឡើង មិនមែនដើម្បីក្លាយជាថៅកែរបស់គ្រប់គ្នានោះទេ។ ខ្ញុំតែងតែមានបំណងធានាឱ្យប្រាកដថា បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ទទួលបានសិទ្ធិក្នុងការសម្រេចចិត្តត្រឹមត្រូវ ក៏ដូចជាធ្វើសកម្មភាពដូចទៅនឹងម្ចាស់អាជីវកម្មមួយរូបពិតប្រាកដ»៕