ស្ពានដែលចំណាយថវិកាអស់ជិត 57 លានដុល្លារអាមេរិក និងចំណាយពេលក្នុងការសាងសង់អស់ 42 ខែ នេះ តាមគម្រោងនឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2021។
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ 58+200 ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ 2714 ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅត្រង់ចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តាមគម្រោង ស្ពាននេះនឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី 23 ខែវិច្ឆិកា ឆ្នាំ 2021 ដោយវត្តមានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ស្ពានមិត្តភាពកម្ពុជា-ចិន មួយនេះ មានតួស្ពានសុទ្ធសាធមានប្រវែង 1,131 ម៉ែត្រ ទទឹង 13.5 ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ 5 សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន 2 គន្លង ផ្លូវម៉ូតូចំនួន 2 គន្លង ផ្លូវថ្មើរជើងចំនួន 2 គន្លង សម្រាប់ធ្វើដំណើរទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ 71C មានប្រវែង 8,323 ម៉ែត្រ។ ជាសរុប ទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែង 9,454 ម៉ែត្រ។
ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2018 និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ចំណាយថវិកាក្នុងការសាងសង់អស់ 56.998 លានដុល្លារអាមេរិក និងចំណាយពេលសាងសង់អស់ 42 ខែ៕