Satoshi Nakamoto ដែលត្រូវបានគេជឿថាជាស្ថាបនិករបស់ប្រាក់ Bitcoin អាចត្រូវបានគេបង្ខំឱ្យបង្ហាញខ្លួននៅក្នុងរឿងក្ដីនៅតុលាការទាក់ទិននឹងអង្គចងចាំ cache របស់ប្រាក់ឌីជីថល ចំនួន 1 លាន Bitcoin។
យោងតាមសារព័ត៌មាន WSJ គ្រួសារ David Kleiman នៅរដ្ឋ Florida កំពុងតែប្ដឹងដៃគូជំនួញចាស់របស់ខ្លួនគឺ Craig Wright ដែលជាអ្នកសរសេរកូដកម្មវិធីកុំព្យូទ័រ អាយុ 51 ឆ្នាំ ជាជនជាតិអូស្ត្រាលី រស់នៅក្នុងទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស។ Wright ហៅខ្លួនឯងថា Satoshi Nakamoto ដែលជាស្ថាបនិករបស់ Bitcoin។
គ្រួសារ Kleiman ចោទ Wright ថាគ្រប់គ្រងអង្គចងចាំ cache របស់ Bitcoin ចំនួន 1 លាន ស្មើនឹង 64 ពាន់លានដុល្លារ។ ភាគីដើមបណ្ដឹងឱ្យដឹងថា នឹងបង្ហាញភ័ស្ដុតាងបញ្ជាក់ថា អ្នកទាំងពីរបានចូលរួមគ្រប់គ្រង Bitcoin ចាប់តាំងពីវាត្រូវបានបង្កើតឡើង និងបានធ្វើការជាមួយគ្នា។
«នោះគឺជារឿងរ៉ាវស្ដីពីមិត្តពីរនាក់ដែលមានទំនាក់ទំនងជាដៃគូរកស៊ី និងវិធីដែលមនុស្សម្នាក់ក្នុងចំណោមពួកគេព្យាយាមក្ដាប់យកគ្រប់យ៉ាងនៅពេលម្នាក់ទៀតបានស្លាប់» Tibor Nagy ជាមេធាវីម្នាក់ដែលបានចូលរួមតាមដានសវនាការ យល់ឃើញដូច្នេះ។ David Kleiman បានស្លាប់កាលពីឆ្នាំ 2013។
Andres Rivero ដែលជាមេធាវីរបស់ភាគីចុងចោទ និយាយថា៖ «យើងជឿថា តុលាការនឹងមិនរកឃើញអ្វីដែលបញ្ជាក់ថា ពួកគេមានទំនាក់ទំនងជាដៃគូនឹងគ្នានោះទេ»។
ចំពោះក្រុមអ្នកដែលជួញដូរប្រាក់ឌីជីថល មានតែវិធីមួយគត់ដែលអាចបញ្ជាក់បានថា អ្នកណាជាស្ថាបនិករបស់ Bitcoin ពិតប្រាកដ នោះគឺសោដាច់ដោយឡែកសម្រាប់ការគ្រប់គ្រងគណនីដែលមានផ្ទុក Bitcoin ចំនួន 1 លាន។ អ្នកណាក៏ដោយដែលអះអាងថា ខ្លួនជា Nakamoto សុទ្ធតែអាចបញ្ជាក់ដោយការផ្ទេរ សូម្បីតែមួយផ្នែកតូចរបស់ប្រាក់ Bitcoin ចេញពីគណនីនោះ។
អត្តសញ្ញាណ Satoshi Nakamoto គឺជាប្រការមួយដែលបង្កឱ្យមានការចង់ដឹងច្រើនជាងគេទាក់ទងនឹង Bitcoin។ កាលពីថ្ងៃទី 31 តុលា ឆ្នាំ 2018 មនុស្សម្នាក់ដែលមានរហ័សនាមថា Satoshi Nakamoto បានផ្ញើសៀវភៅស កម្រាស់ 9 ទំព័រ ទៅឱ្យក្រុមមនុស្សដែលមានគោលដៅក្នុងការបង្កើតប្រាក់ឌីជីថលមួយប្រភេទដែលមិនអាចត្រូវបានរដ្ឋាភិបាលនានាគ្រប់គ្រង តាមរយៈវេទិកា Metzdow។ ប៉ុន្មានខែក្រោយមក ប្រព័ន្ធ Bitcoin ក៏ចាប់ផ្ដើមដំណើរការ ហើយ Nakamoto រកបាន 1 លាន Bitcoin ក្នុងឆ្នាំដំបូង។
គ្រួសារ Kleiman អះអាងថា លោក Wright បានស្នើឱ្យលោក David Kleiman ជួយបង្កើតឯកសារដែលមានកម្រាស់ 9 ទំព័រនោះ។ «អ្នកទាំងពីរសហការគ្នាដោយយោងតាមសៀវភៅស ហើយរួមគ្នាដាក់ឱ្យដំណើរការ Bitcoin» Kleiman និយាយដូច្នេះ។
ក្នុងដំណាក់កាលដំបូង Bitcoin មិនទទួលបានការចាប់អារម្មណ៍ច្រើននោះទេ។ Nakamoto បានប្រឹងប្រែងអភិវឌ្ឍវាក្នុងរយៈពេល 2 ឆ្នាំ។
ខែធ្នូ 2010 Nakamoto បានបាត់ខ្លួន។ ព័ត៌មានស្ដីពីស្ថាបនិករបស់ Bitcoin ក៏បានក្លាយជារឿងដ៏អាថ៌កំបាំង។ ស្ទើរតែទាំងអស់នៃឈ្មោះដែលត្រូវបានគេរំលឹកដល់នៅក្នុងសហគមន៍ប្រាក់ឌីជីថល សុទ្ធតែជាប់ទាក់ទងនឹង Satoshi Nakamoto។
មកដល់ខែឧសភា ឆ្នាំ 2016 លោក Wright ប្រកាសថា ខ្លួនគឺជាស្ថាបនិករបស់ Bitcoin។ ប៉ុន្តែ លោកមិនត្រូវបានសហគមន៍អ្នកលេង Bitcoin ទទួលស្គាល់ឡើយ ហើយមកដល់ពេលនេះ អត្តសញ្ញាណនៃស្ថាបនិកពិតប្រាកដរបស់ Bitcoin នៅតែស្ថិតក្នុងទីងងឹត។
ក្រុមអ្នកបច្ចេកវិទ្យាវាយតម្លៃថា ពាក្យបណ្ដឹងរបស់គ្រួសារ Kleiman អាចធ្វើឱ្យអ្នកបង្កើត Bitcoin ពិតប្រាកដត្រូវបង្ហាញខ្លួន។ ក៏ប៉ុន្តែ ដំបូង ភាគីដើមបណ្ដឹងត្រូវតែបង្ហាញភ័ស្ដុតាងគ្រប់គ្រាន់ដល់តុលាការ៕