ប្រជាពលរដ្ឋនៅក្នុងភូមិ Gumatapura សប្បាយរីករាយជាខ្លាំងក្នុងការចូលរួមពិធីបុណ្យគប់លាមកគោ Gorehabba ជាព្រឹត្តិការណ៍បញ្ចប់រដូវបុណ្យ Diwali ដែលជាបុណ្យដ៏សំខាន់បំផុតមួយរបស់សាសនាហិណ្ឌូ។
ពិធីបុណ្យ Gorehabba ចាប់ផ្ដើមដោយការប្រមូល «អាវុធ» ជាលាមកគោ ពីគ្រួសារទាំងឡាយដែលចិញ្ចឹមសត្វនេះ។ លាមកគោដែលប្រមូលបាន ត្រូវបាននាំយកទៅកាន់វិហារក្នុងតំបន់ដើម្បីឱ្យក្រុមបព្វជិតប្រសិទ្ធពរ។
បន្ទាប់ពីពិធីប្រសិទ្ធីនេះ លាមកគោក៏ត្រូវបានគេចាក់គរលើដី ហើយបុរសទាំងឡាយក្នុងភូមិនឹងនាំគ្នាចូលទៅកាន់គំនរលាមកគោដើម្បីត្រៀមសម្រាប់ពិធីគប់លាមក។
ពលរដ្ឋឥណ្ឌា រាប់រយនាក់នាំគ្នាមកកាន់ភូមិ Gumatapura ដើម្បីចូលរួមពិធីបុណ្យគប់លាមកគោ ដោយយល់ថា នេះមិនត្រឹមតែជារឿងអស្ចារ្យ ប៉ុន្តែក៏នាំមកនូវផលប្រយោជន៍ផ្នែកសុខភាព។
«បើសិនជាមានជំងឺ យើងនឹងត្រូវបានព្យាបាលជាសះស្បើយ» Mahesh ជាពលរដ្ឋម្នាក់ដែលបានចូលរួមពិធីគប់លាមកគោ ឱ្យដឹងដូច្នេះ។
ប្រជាជនឥណ្ឌា មួយចំនួនដែលកាន់សាសនាហិណ្ឌូ មានជំនឿថា សត្វគោ និងគ្រប់យ៉ាងរបស់សត្វនេះសុទ្ធតែជាវត្ថុស័ក្ដិសិទ្ធិ និងមានប្រសិទ្ធភាពក្នុងការជម្រះភាពអាក្រក់ សៅហ្មង។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដែលជាហិណ្ឌូសាសនិកមួយរូបដែរនោះ បានជំរុញឱ្យមានការការពារសត្វមួយប្រភេទនេះ។ រដ្ឋជាច្រើនរបស់ ឥណ្ឌា តាំងពីយូរមកហើយ បានហាមការសម្លាប់សត្វគោដើម្បីយកសាច់។
សមាជិកជាច្រើនរូបនៅក្នុងបក្សរបស់នាយករដ្ឋមន្ត្រី Modi ក៏ធ្លាប់បានអះអាងថា ទឹកនោមគោគឺជាឱសថដែលអាចទប់ស្កាត់ និងព្យាបាលជំងឺ COVID-19 រួមនឹងជំងឺផ្សេងៗទៀត។ ចំណែករដ្ឋាភិបាលរបស់លោក ក៏កំពុងស្វែងរកវិធីដើម្បីលើកទឹកចិត្តឱ្យមានការផលិតថ្នាំដុសធ្មេញ សាប៊ូកក់សក់ និងថ្នាំសម្លាប់មូសពីកាកសំណល់របស់សត្វគោទៀតផង៕