សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ ខួប 30 ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស 23 តុលា 1991 – 23 តុលា 2021។
ការសម្ដែងការអបអរសាទរនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី 23 ខែតុលា ឆ្នាំ 2021 តាមរយៈទំព័រ Facebook ផ្លូវការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ថ្ងៃទី 23 ខែតុលា ឆ្នាំ 2021 នេះ គឺជាខួប 30 ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស 23 តុលា ឆ្នាំ 1991។
កាលពី 30 ឆ្នាំមុន ពោលគឺនៅថ្ងៃទី 23 ខែតុលា ឆ្នាំ 1991 ភាគីទាំង 4 របស់ កម្ពុជា រួមមាន ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ សម្ដេចបវរសេដ្ឋាធិបតី សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានវត្តមានសាក្សីមកពី 18 ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅ កម្ពុជា។
កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស 23 តុលា ត្រូវបានផ្ដួចផ្ដើមដោយជំនួបដំបូងរវាង អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ជាមួយនឹង សម្តេច ហ៊ុន សែន នៅប្រទេសបារាំង ដែលការចរចានេះត្រូវបានហៅថា «ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី 02-04 ខែធ្នូ ឆ្នាំ1987)។
ការចរចាដំបូងខាងលើ បានបើកផ្លូវឱ្យមានការចរចាជាបន្តបន្ទាប់ រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស 23 តុលា ឆ្នាំ 1991 ដែលជាការត្រួសត្រាយផ្លូវ នាំទៅរកសន្តិភាពពេញលេញនៅ កម្ពុជា៕