(ភ្នំពេញ)-ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានកែសម្រួលគោលការណ៍ នៃការផ្តល់ទិដ្ឋាការ លក្ខខណ្ឌនៃការធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ដើម្បីបន្ថែមលទ្ធភាពទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគបរទេស ចូលមក កម្ពុជា ឱ្យកាន់តែច្រើន។
ការកែសម្រួលឡើងវិញនូវ គោលការណ៍ នៃការផ្តល់ទិដ្ឋាការ លក្ខខណ្ឌនៃការធ្វើដំណើរ និងការធ្វើចត្តាឡីស័កនេះគឺ យោងលើស្ថានភាពប្រសើរឡើងនៃវិបត្តិ COVID-19 នៅ កម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេសឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ទៅតាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលលក្ខខណ្ឌគោលការណ៍នៃការផ្តល់ទិដ្ឋាការ និងរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលចូលមក កម្ពុជា ក្នុងនោះរួមមាន ការបើកឱ្យមានការផ្តល់ទិដ្ឋាការទេសចរណ៍ឡើងវិញ ក្រោយវិបត្តិសុខភាព ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption) ផងដែរ។
ទន្ទឹមនឹងនេះ ការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច (e-Visa) ក៏ត្រូវបានដាក់ឱ្យដំណើរការឡើងវិញ ដើម្បីសម្រួលដល់អ្នកដំណើរដែលមានបំណងចូលមកកាន់ កម្ពុជា ក៏ប៉ុន្តែនៅបន្តផ្អាកការផ្តល់ទិដ្ឋាការនៅពេលមកដល់ (Visa on Arrival)។ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅ កម្ពុជា សម្រាប់អ្នកដំណើរពីបរទេស។
ព័ត៌មានបន្ថែម សូមអានសេចក្ដីជំរាបជូនរបស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដូចខាងក្រោម៖