ក្នុងព្រឹត្តិការណ៍បង្ហាញផលិតផលបច្ចេកវិទ្យា IFA ឆ្នាំ2017 នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី2 ខែកញ្ញាកន្លងទៅ ក្រុមហ៊ុន Huawei បានបញ្ចេញនូវបន្ទះឈីបថ្មីមួយដោយអះអាងថា អាចផ្ដួលគូប្រជែងធំៗទាំង 2 របស់ខ្លួនបាននៅឆ្នាំ 2018 ខាងមុននេះ។
លោក Richard Chu នាយកជាន់ខ្ពស់ផ្នែកទូរស័ព្ទចល័តនៃក្រុមហ៊ុន Huawei បានឱ្យដឹងថា Huawei Kirin 970 ជាបន្ទះឈីបមានទំហំតូច 10nm ដំបូងរបស់ Huawei ដូចទៅនឹង Exynos 8895 និងមានសមត្ថភាពខ្លាំងជាងបន្ទះឈីបត្រកូល Kirin ណាៗទាំងអស់ ដោយវាមាន CPU ចំនួន 8 គ្រាប់ អង្គក្រាហ្វិកទៅដល់ 12 គ្រាប់ មាន 4 គ្រាប់ល្បឿន 2.4GHz ប្រភេទ Cortex-A73 និង 4 គ្រាប់ទៀតល្បឿន 1.8GHz ប្រភេទ Cortex-A53 ជាមួយនឹង Dual-ISP ដែលធ្វើឱ្យអ៊ីនធើណិតមានល្បឿនលឿន Cat 18. LTE ។
លោកថា៖ បើប្រៀបធៀបនឹង Apple និង Samsung យើងនាំមុខជាងហើយ និងអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺបន្ទះឈីបនេះអាចប្រើបានជាមួយនឹងបច្ចេកវិទ្យា AI ដោយប្រើប្រាស់ NPU (Neural Processing Unit) ទៀតផង។
Kirin 970 ប្រើប្រាស់ថាមពលតិចជាងមុន 50 % និងមានល្បឿនលឿនជាងបន្ទះឈីប Kirin 960 ចំនួន 20%។ ក្នុងនោះស្មាតហ្វូនដែលបំពាក់បន្ទះឈីបនេះមុនគេ គឺទូរស័ព្ទ Huawei Mate 10 ដែលក្រុមហ៊ុនគ្រោងដាក់បង្ហាញនៅថ្ងៃទី16 ខែតុលា ឆ្នាំ2017 ខាងមុខនេះឯង។
Mate 10 នឹងមានអេក្រង់ទំហំ 6 អ៊ីញ លាតគ្មានគែមអេក្រង់ និងមានបំពាក់ដោយកាមេរ៉ាភ្លោះពីក្រុមហ៊ុន Leica ដដែល៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖