ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានសង្គ្រោះការភិតភ័យមួយ ខណៈដែលពួកគេបានធ្វើការវាយបកពីការដេញតាមពីក្រោយ1គ្រាប់ ដើម្បីផ្តួលក្រុមជម្រើសជាតិស្លូវ៉ាគី ក្នុងលទ្ធផល 2-1 នាកីឡដ្ឋាន Wembley កាលពីថ្ងៃចន្ទ និងដើម្បីបោះជំហានចូលទៅកាន់តែកៀកក្នុងការឈ្នះកៅអីទៅកាន់ព្រឹត្តិការណ៍ World Cup នៅឆ្នាំក្រោយ ក្នុងប្រទេសរុស្ស៊ី។
កីឡាករ Stanislav Lobotka បានដណ្តើមយកប្រៀបលើការធ្វេសប្រហែសរបស់ក្រុមអង់គ្លេសដើម្បីជួយឲ្យក្រុមជម្រើសជាតិស្លូវ៉ាគី មានគ្រាប់បាល់នាំមុខមុន1គ្រាប់ក្រោយពីលេងបានត្រឹមតែ3នាទី មុននឹងក្រុមអង់គ្លេសរបស់លោក Gareth Southgate បានបើកការវាយសម្រុកយ៉ាងខ្លាំងតបតវិញ។
ក្រោយមកខ្សែការពារ Eric Dier រកបានគ្រាប់បាល់តាមស្មើវិញនៅចុងតង់ទី1 ខណៈខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford បានខ្ជះខ្ជាយឱកាសជាច្រើន ប៉ុន្តែបានរកគ្រាប់បាល់ឈ្នះឲ្យក្រុមអង់គ្លេសនាំមុខ5ពិន្ទុដាច់នៅលើកំពូលតារាងនៃពូល F ខណៈដែលនៅសល់ការប្រកួតត្រឹមតែ2លើកទៀតប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ Timo Werner បានស៊ុតបាល់បញ្ចូលទី2គ្រាប់ ក្នុងពេលក្រុមជម្រើសជាតិអាល្លឺម៉ង់លត់ក្រុមជម្រើសជាតិន័រវែសយ៉ាងចាស់ដៃក្នុងលទ្ធផល 6-០ ក្នុងទីក្រុង Stuttgart ដើម្បីធ្វើឲ្យក្រុមម្ចាស់ជើងឯកពិភពលោករបស់លោក Joachim Loew បានកត់ត្រាជ័យជម្នះ8លើកពីការប្រកួតទាំង8លើកក្នុងការប្រកួតក្នុងពូល C។
ប៉ុន្តែ ស្របពេលដែលក្រុមមានចំណាត់ថ្នាក់លេខ2 អៀរឡង់ខាងជើងបានផ្តួលក្រុមជម្រើសជាតិសាធារណរដ្ឋឆែក ក្នុងលទ្ធផល 2-០ ក្នុងទីក្រុង Belfast ក្រុមជម្រើសជាតិអាល្លឺម៉ង់នឹងត្រូវតែរង់ចាំរហូតដល់ការប្រកួតបន្ទាប់ ពោលគឺការប្រកួតនៅលើទឹកដីក្រុមជម្រើសជាតិអៀរឡង់ខាងជើង នាថ្ងៃទី5 ខែតុលាខាងមុខ ដើម្បីការឈ្នះកៅអីជាស្វ័យប្រវត្តិទៅកាន់ប្រទេសរុស្ស៊ី។
លោក Loew គ្រូបង្វឹករបស់អាល្លឺម៉ង់ បានឲ្យដឹងថា៖ «នោះគឺជាការបង្ហាញពីទម្រង់លេងយ៉ាងល្អនៃកីឡាបាល់ទាត់របស់យើង»៕
ប្រភពពី៖ BBC