គម្រោង 5 ឆ្នាំរបស់ប្រទេសចិន គឺការសាងសង់យានអវកាសដែលមានបណ្ដោយវែងជាង 10 ដង ធៀបនឹងស្ថានីយអវកាសអន្តរជាតិ (ISS) បច្ចុប្បន្ន។
មូលនិធិវិទ្យាសាស្ត្រធម្មជាតិរបស់ប្រទេសចិន (National Natural Science Foundation of China) ថ្មីៗនេះបានប្រកាសគម្រោង 5 ឆ្នាំ ដែលសាងសង់សំណង់ដ៏មហិមានៅទីអវកាស។ ស្ថាប័ននេះមានគម្រោងផលិតយានអវកាសដែលមានបណ្ដោយរាប់គីឡូម៉ែត្រនៅទីអវកាស នៅពេលដែលប្រទេសនេះបានបាញ់បង្ហោះវត្ថុធាតុសម្រាប់សាងសង់ឡើងទៅកាន់គន្លងគោចរ។ នេះបើតាមសារព័ត៌មានចិន SCMP។
គោលដៅសិក្សាស្រាវជ្រាវដទៃទៀត រួមមានទាំងការសាងសង់មហាតេឡេស្កុបអវកាស និងបណ្ដារោងចក្រអគ្គិសនីប្រភេទម៉ូឌុល ដើម្បីបង្កើតជាមហារចនាសម្ព័ន្ធនៅលើគន្លងគោចររបស់ផែនដី ក៏ត្រូវបានលើកឡើងផងដែរ។
វត្ថុអវកាសធំបំផុតដែលធ្លាប់ត្រូវបានមនុស្សលោកបង្កើតឡើង នោះគឺស្ថានីយអវកាសអន្តរជាតិ (ISS)។ គម្រោងរបស់ប្រទេសចិន គឺសាងសង់វត្ថុអវកាសដែលវែងជាង 10 ធៀបនឹង ISS ដែលបច្ចុប្បន្នមានប្រវែងត្រឹមតែ 109 ម៉ែត្រ។
មូលនិធិវិទ្យាសាស្ត្រធម្មជាតិរបស់ប្រទេសចិន បានប្រកាសគម្រោងនេះ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រប្រទេសនេះយល់ឃើញថា បច្ចេកវិទ្យាអវកាស រីកចម្រើនលឿន។ ប្រការនេះមានន័យថា ចិន ត្រូវការស្វែងរកវិធីថ្មីដើម្បីផលិតយានអវកាស។
ក្រុមអ្នកវិភាគបានលើកឡើងនូវសម្មតិកម្មថា ការសាងសង់នៅក្នុងទីអវកាស អាចកែលម្អសមត្ថភាពរបស់យានអវកាស និងកាត់បន្ថយការចំណាយក្នុងការគ្រប់គ្រង ទើបប្រទេសចិន មានមហិច្ឆតានេះ៕