ធ្លាប់ស្រលាញ់ចូលចិត្តហ្គេមយ៉ាងខ្លាំងក្លា Forrest Li ទទួលបានអារម្មណ៍ពុះកញ្ជ្រោលពីសម្ដីរបស់លោក Steve Jobs ដែលនាំឱ្យលោក សម្រេចចិត្តបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ហើយបច្ចុប្បន្នក៏ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យច្រើនជាងគេនៅប្រទេសសិង្ហបុរី។
Forrest Li (Li Xiaodong) កើតឆ្នាំ 1977 នៅប្រទេសចិន (ដីគោក)។ ដូចទៅនឹងយុវវ័យជំនាន់ 1970 ដទៃទៀត លោក Li Xiaodong ឆាប់ដឹងច្បាស់អំពីការប្ដូរផ្លាស់របស់ប្រទេសចិន និងបានស្វែងរករៀនភាសាអង់គ្លេស ក្នុងបំណងបានយល់ដឹងអំពីវប្បធម៌លោកខាងលិច ដើម្បីបម្រើដល់មហិច្ឆតារកស៊ីរបស់ខ្លួន។
កំពូលអ្នកញៀនហ្គេម និងឥទ្ធិពលពី Steve Jobs
ក្នុងកិច្ចសម្ភាសជាមួយ Bloomberg លោក Li Xiaodong ឱ្យដឹងថា លោកធ្លាប់ជាអ្នកញៀននឹងហ្គេមកំសាន្ត។ ពេលបញ្ចប់ការសិក្សា លោកបានបម្រើការជាអ្នកជ្រើសរើសបុគ្គលិកក្នុងក្រុមហ៊ុន Motorola Solutions។ ដោយដឹងថា ខ្លួនមិនអាចបង្រួញខ្លួននៅតែក្នុងបន្ទប់ការិយាល័យប៉ុននេះ Li ក៏បានចាប់ផ្ដើមចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលនានាដែលទាក់ទងនឹងការបើកក្រុមហ៊ុន។
ចុងក្រោយ លោក Li Xiaodong សម្រេចចិត្តធ្វើដំណើរទៅ សហរដ្ឋអាមេរិក ដើម្បីរៀនអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម នៅ Stanford។ ខែមិថុនា ឆ្នាំ 2005 Li Xiaodong បានទៅចូលរួមពិធីប្រគល់សញ្ញាបត្រនៃសាលារបស់មិត្តស្រី ដែលក្រោយមកនាងគឺជាភរិយារបស់លោក។ នៅទីនោះ Li Xiaodong បានស្ដាប់សេចក្ដីថ្លែងការណ៍របស់ Steve Jobs ក្នុងនោះក៏មានឃ្លាមួយដែលល្បីល្បាញ នោះគឺ «Stay hungry, stay foolish» (ចូរបន្តស្រេកឃ្លាន និងបន្តធ្វើជាមនុស្សល្ងង់)។
លោក Li ប្រាប់ថា លោកស្ដាប់សេចក្ដីថ្លែងការណ៍នេះ 3 ដង ក្នុង 1 ថ្ងៃ ក្នុងរយៈពេល 1 ខែពេញ ហើយក៏សម្រេចចិត្តបើកក្រុមហ៊ុន។ «សេចក្ដីថ្លែងការណ៍នោះបានក្លាយជាកត្តាជំរុញទឹកចិត្ត ដែលជួយឱ្យខ្ញុំមានភាពក្លាហានគ្រប់គ្រាន់ដើម្បីធ្វើការងារដូចបច្ចុប្បន្ន» Li Xiaodong បានប្រាប់ Bloomberg ដូច្នេះ។
ក្រោយពីបញ្ចប់ការសិក្សានៅ សហរដ្ឋអាមេរិក លោក Li រួមនឹងមិត្តស្រី បានត្រលប់មកកាន់ សិង្ហបុរី។ លោក Li បានចូលធ្វើការឱ្យក្រុមហ៊ុន MTV Network ហើយបន្ទាប់មកក៏បង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដំបូង នោះគឺ GG Game។ ប៉ុន្តែ Li ឆាប់ដឹងខ្លួនថា បានដើរខុសទិសដៅ ព្រោះថា ពេលនោះ ហ្គេមអនឡាញកំពុងតែពេញនិយម តែលោកបែរជាបង្កើតក្រុមហ៊ុន ហ្គេមអហ្វឡាញទៅវិញ។
ដំណាក់កាលវិបត្តិសេដ្ឋកិច្ចឆ្នាំ 2008 ធ្វើឱ្យគ្រប់យ៉ាងត្រូវក្រឡាប់ចាក់។ ក្រុមហ៊ុនរបស់ Li ត្រូវក្ស័យធន ហើយលោកក៏បានទទួលស្គាល់បរាជ័យនៅចំពោះមុខក្រុមអ្នកវិនិយោគ។ «ពួកគេគោរពចំពោះភាពស្មោះត្រង់របស់ខ្ញុំ។ សម្រាប់អ្នកវិនិយោគផ្សងព្រេង ពួកគេសង្ឃឹមលើមនុស្ស ហើយជឿថា អ្នកនោះនឹងរកបានជោគជ័យក្នុងថ្ងៃណាមួយ» Li Xiaodong ប្រាប់ Forbes ដូច្នេះ។
ក្រោយបរាជ័យដំបូង Li បានស្វែងរកឱកាសថ្មី។ «ខ្ញុំបានជជែកជាមួយក្រុមអ្នកវិនិយោគ អាមេរិក។ ពួកគេចាប់អារម្មណ៍នឹងគម្រោងរបស់ខ្ញុំ ប៉ុន្តែ ពួកគេចូលចិត្តក្រុមហ៊ុនដែលនៅឆ្ងាយពីពួកគេ 30 នាទីនៃការបើកបរ ច្រើនជាង» លោក Li រៀបរាប់។ ឆ្នាំ 2009 លោក Li ទទួលបានខ្ទង់ប្រាក់វិនិយោគជិត 1 លានដុល្លារអាមេរិក។
ពេលនោះ Forrest Li បានដឹងច្បាស់អំពីសក្ដានុពលនៃអាជីវកម្មអេឡិចត្រូនិច (E-commerce) នៅអាស៊ីអាគ្នេយ៍។ លោក Li បានបង្កើតប្រព័ន្ធមួយដែលសមស្របនឹងវប្បធម៌ក្នុងតំបន់ ដោយល្បែងកំសាន្តសកល Global Arena ដែលក្រោយមកត្រូវបានបង្រួមមកជាឈ្មោះក្រុមហ៊ុន Garena។ ជោគជ័យដំបូងរបស់ Garena គឺហ្គេមអនឡាញ។ ក្រុមហ៊ុននេះ បន្ទាប់មកក៏ទទួលបានការវិនិយោគបន្ថែមពី Tencent នៅក្នុងការពង្រីកមុខជំនួញទៅកាន់វិស័យទូទាត់អនឡាញ និងលក់រាយ។
Garena ប្រឈមមុខនឹង Alibaba នៅ អាស៊ីអាគ្នេយ៍
ក្នុងគ្រាដែលទីផ្សារនៅ អាស៊ីអាគ្នេយ៍ ត្រូវ Alibaba របស់ Jack Ma លោតចូលរកស៊ី ក្រុមហ៊ុន Shopee របស់ Garena ក៏ចាប់ផ្ដើមលេចធ្លោជាអាណាចក្រដ៏គួរឱ្យញញើតមួយផងដែរ។
យោងតាមរបាយការណ៍របស់ iPrice និង SimilarWeb ឆ្នាំ 2020 Shopee ក្លាយជាផ្សារអនឡាញដែលមានអ្នកចូលប្រើច្រើនបំផុតក្នុងតំបន់ ខណៈស្ថិតិរបស់ App Annie ក៏បញ្ជាក់ថា Shopee គឺជាកម្មវិធីទិញដូរទំនិញ ដែលត្រូវបានទាញយកមកប្រើច្រើនជាងគេលំដាប់ទីពីរក្នុងពិភពលោក។
Li Xiaodong ក្លាយជាមហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យច្រើនជាងគេនៅ សិង្ហបុរី
ទន្ទឹមនឹងការរីកចម្រើនរបស់ Shopee ក្រុមហ៊ុន Garena ក៏ទទួលបានជោគជ័យក្នុងវិស័យហ្គេម និងទូទាត់ប្រាក់តាមអនឡាញផងដែរ។ ឆ្នាំ 2014 Forrest Li បង្កើត studio ហ្គេម មួយ នៅ សៀងហៃ ដោយប្ដូរទិសដៅពី ហ្គេមសម្រាប់កុំព្យូទ័រ មកជាហ្គេមសម្រាប់ទូរស័ព្ទ។ ឆ្នាំ 2016 Garena បង្ហាញហ្គេមដ៏អស្ចារ្យមួយដែលមានឈ្មោះថា Free Fire។
សារព័ត៌មាន SCMP ឱ្យដឹងថា Free Fire គឺជាកម្មវិធីហ្គេមទូរស័ព្ទដែលមានអ្នកទាញយកច្រើនជាងគេបំផុតក្នុងឆ្នាំ 2020 នៅលើ Google Play និង App Store។ ជោគជ័យក្នុងវិស័យហ្គេម បានជួយឱ្យ Garena ប្រមូលទុនបាន 170 លានដុល្លារ ក្នុងឆ្នាំ 2016 ហើយក្រុមហ៊ុននេះក៏ត្រូវបានកំណត់តម្លៃស្មើ 3.75 ពាន់លានដុល្លារអាមេរិក និងក្លាយជាកំពូលក្រុមហ៊ុន startup ដំបូងរបស់ សិង្ហបុរី។
ឆ្នាំ 2017 ក្រុមហ៊ុន Garena បានប្ដូរឈ្មោះជា Sea ដោយរកស៊ីក្នុងវិស័យចំនួន 3 គឺ ហ្គេម អាជីវកម្មអេឡិចត្រូនិក (ផ្សេរអនឡាញ) និងទូទាត់ប្រាក់តាមអនឡាញ។
ចុងខែសីហា ឆ្នាំ 2021 យោងតាម Bloomberg Billionaires Index មហាសេដ្ឋី Li Xiaodong មានទ្រព្យសរុបប្រមាណ 19.8 ពាន់លានដុល្លារអាមេរិក និងក្លាយជាអ្នកមានជាងគេបង្អស់នៅ សិង្ហបុរី។ ចំណែកអ្នកមានលំដាប់ទីពីរគឺលោក Goh Cheng Liang ម្ចាស់ក្រុមហ៊ុនផលិតថ្នាំលាប Wuthelam Holdings ដោយមានទ្រព្យប្រមាណ 17.7 ពាន់លានដុល្លារអាមេរិក៕