ក្រុមហ៊ុន avatarin Inc និងទីភ្នាក់អវកាសជប៉ុន JAXA កំពុងសហការគ្នា នៅក្នុងគម្រោងអភិវឌ្ឍ «បច្ចេកវិទ្យារូបនិម្មិត» ដែលធ្លាប់ត្រូវបានសាកល្បងនៅលើស្ថានីអវកាសអន្តរជាតិ (ISS) រួចហើយ។
កាលពីខែវិច្ឆិកា ឆ្នាំ 2020 ក្រុមហ៊ុន avatarin និង JAXA បានទទួលជោគជ័យក្នុងការធ្វើតេស្តបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យសហគមន៍អ្នកវិទ្យាសាស្ត្រប្រើប្រាស់រូបតំណាងដើម្បីទាក់ទងជាមួយនឹងអ្នកអវកាសក្នុងបន្ទប់ពិសោធន៍ KIBO របស់ ជប៉ុន នៅលើ ISS។ ផ្អែកលើជោគជ័យនោះ គម្រោង Space Avatar ពេលនេះកំពុងឆ្ពោះទៅរកការអភិវឌ្ឍ និងពង្រីកបច្ចេកវិទ្យាតាមរយៈកិច្ចសហការជាមួយសាលាបច្ចេកទេសរបស់សាកលវិទ្យាល័យ Tokyo។ ក្រុមហ៊ុន avatarin ឱ្យដឹងថា បច្ចេកវិទ្យានេះនឹងអនុញ្ញាតឱ្យធ្វើទេសចរណ៍អវកាស និងជួយដល់ការធ្វើការពីចម្ងាយ។
ទេសចរណ៍អវកាសពីចម្ងាយនឹងប្រើប្រាស់បច្ចេកទេសរូបតំណាងដែលបំពាក់អេក្រង់ទំនាក់ទំនង។ ឧបករណ៍នេះនឹងត្រូវបានបញ្ជាពីផែនដី និងអាចចល័តដោយសេរីនៅក្នុងស្ថានីយ ISS។ យោងតាម JAXA និង avatarin បច្ចេកវិទ្យានេះនឹងជួយធ្វើប្រជាធិបតេយ្យលើវិស័យទេសចរណ៍អវកាស បើទោះក្នុងរូបភាពនិម្មិត។
Avatarin នឹងអភិវឌ្ឍបច្ចេកវិទ្យារូបតំណាង សម្រាប់គោលដៅទាក់ទងពីចម្ងាយ និងគោលដៅដែលទាមទារកម្រិតសុក្រឹតភាពខ្ពស់។ JAXA និង avatarin សង្ឃឹមថា នឹងអាចធ្វើតេស្តបច្ចេកវិទ្យាទេសចរណ៍ពីចម្ងាយនៅឯសារមន្ទីរអវកាសក្នុងមជ្ឈមណ្ឌល Tanegashima ដែលជាប្រព័ន្ធបាញ់បង្ហោះរ៉ុក្កែតធំបំផុតរបស់ ជប៉ុន៕