Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក (Drone) របស់ខ្លួន បានដឹក និងប្រគល់ទំនិញជាកាហ្វេចំនួន 10,000 កែវ, អាហារសម្រន់ 1,700 ឈុត និងមាន់អាំងចំនួន 1,200 ឈុត នៅទីក្រុង Logan ប្រទេសអូស្ត្រាលី កាលពីឆ្នាំ 2020។
ក្នុងឆ្នាំ 2021 Wing បានប្រគល់ទំនិញជាង 50,000 លើក នៅក្នុងទីក្រុង Logan ប្រទេស អូស្ត្រាលី ក្នុងឆ្នាំ 2021 ដោយប្រើប្រាស់យន្តហោះដ្រូន។
សេវាកម្មប្រគល់ទំនិញដោយយន្តហោះគ្មានមនុស្សបើកនេះ ត្រូវបាន Wing ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alphabet ចាប់ផ្ដើមដំណើរការនៅ អូស្ត្រាលី កាលពីឆ្នាំ 2019 បន្ទាប់ពីការធ្វើតេស្តជាច្រើនលើក រាប់ចាប់ពីឆ្នាំ 2014។ អតិថិជនអាចបញ្ជាទិញទំនិញដូចជាអាហារជាដើម តាមរយៈកម្មវិធីទូរស័ព្ទដៃ និងទទួលបានទំនិញក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ចាប់តាំងពីបានបង្ហាញខ្លួន សេវាកម្មនេះ បានប្រគល់ទំនិញ ជាង 100,000 លើករួចមកហើយ។
Wing ដំបូងឡើយគឺជាផ្នែកមួយដែលជំនាញខាងអភិវឌ្ឍយន្តហោះគ្មានមនុស្សបើករបស់ Alphabet មុនពេលវាត្រូវបានបំបែកចេញដោយឡែក។ ក្រុមហ៊ុននេះមានជំនាញខាងអភិវឌ្ឍដ្រូនប្រគល់ទំនិញ និងប្រព័ន្ធកំណត់ទិសរបស់ទំនិញ ទន្ទឹមនឹងការស្រាវជ្រាវលើប្រព័ន្ធគ្រប់គ្រងចរាចរណ៍គ្មានមនុស្សបើក (UTM) ដែលជួយឱ្យដ្រូនកំណត់ទិសបានដោយសុវត្ថិភាពនៅលើដែនអាកាស។
Wing សង្ឃឹមថា នឹងផ្ដល់សេវាកម្មប្រគល់ទំនិញគ្រប់ទីកន្លែងក្នុងពិភពលោក ហើយអាចជំនួសការប្រគល់ទំនិញបែបបុរាណដែលត្រូវការទាំងយានជំនិះ ទាំងអ្នកបើកបរ។ ក្រុមហ៊ុន Wing បច្ចុប្បន្ន មានវត្តមាននៅ សហរដ្ឋអាមេរិក, ហ្វាំងឡង់ និង អូស្ត្រាលី ក្នុងនោះ Wing កំពុងសហការជាមួយក្រុមហ៊ុនជាង 30 នៅក្នុងប្រទេសទាំងនេះ។
កាលពីឆ្នាំ 2019 Wing បានក្លាយជាក្រុមហ៊ុនប្រគល់ទំនិញដោយយន្តហោះគ្មានមនុស្សបើកដំបូងគេដែលទទួលបានការអនុញ្ញាតពីនាយកដ្ឋានអាកាសចរណ៍ជាតិរបស់ សហរដ្ឋអាមេរិក (FAA)។ ឆ្នាំដដែលនោះ Wing ក៏បានចាប់ផ្ដើមការសាកល្បងប្រគល់ទំនិញជាអាហារ និងភេសជ្ជៈ រួមនឹងថ្នាំពេទ្យ ទន្ទឹមនឹងការចាប់ដៃជាមួយ FedEx ដើម្បីប្រគល់ទំនិញស្រាលៗផងដែរ។
ការប្រគល់ទំនិញដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ត្រូវបានក្រុមហ៊ុនធំៗដូចជា UPS, Uber និង Amazon ជាដើម មានការចាប់អារម្មណ៍នាពេលកន្លង។ Amazon បានអនុវត្តគម្រោងមួយដែលមានឈ្មោះថា Prime Air កាលពីឆ្នាំ 2016 និងទទួលបានការយល់ព្រមពី FAA កាលពីឆ្នាំ 2020 ដែលអនុញ្ញាតឱ្យដឹកទំនិញច្រើនប្រភេទដោយប្រើប្រាស់យន្តហោះដ្រូន៕