ភ្នំពេញៈ ក្រោយពីបែកធ្លាយរឿងស្វាមីក្មេងជាគ្រូឱសថបុរាណឈ្មោះ ថោង សុខុម និងបានធ្វើមហាជនសម្តែងនូវការអាណិតអាសូរយ៉ាងខ្លាំងនឹងដំណឹងនោះ ក៏ស្រាប់តែថ្មីៗនេះល្បីថា អ្នកនាង ស្វែង សុជាតា តារាសម្តែងស្រីសម្បូរទេព្យកោសល្យកំពុងតែចាប់បានឱកាសធំត្រៀមខ្លួនថតកុនជាមួយនឹងរឿងហូលីវូដថ្មីមួយទៀត។
អ្នកនាង ស្វែង សុជាតា បង្ហើបប្រាប់សារព័ត៌មានឡារ៉ែនថា៖ « រឿងហូលីវូដក្រោយនេះ នឹងតម្រូវឲ្យខ្ញុំសម្តែងជាមួយនឹងតួបរទេសតែម្តង ហើយក៏តម្រូវឲ្យនាងខ្ញុំត្រូវសម្តែងធ្វើជាអ្នកចេះក្បាច់គុនតៃក្វាន់ដូ ក្បាច់ល្បុកតោ បាញ់កាំភ្លើង ខណៈនាងខ្ញុំក៏ត្រៀមហ្វឹកហាត់នាពេលប៉ុន្មានថ្ងៃខាងមុខនេះដើម្បីឲ្យផលិតករមើលឃើញអ្វីជាទុនសម្រាប់ការថតនោះ»។ ទន្ទឹមនឹងភាពសប្បាយរីករាយ ដែលទទួលឱកាសចេញថតរឿង ហូលីវូដថ្មីនេះដែរ អ្នកនាង ស្វែង សុជាតា នៅតែបារម្ភពីសុវត្ថិភាព ដរាបណាស្វាមីរបស់អ្នកនាង ស្ថិតនៅក្រៅឃុំ ក្រោយពីអ្នកនាង ដាក់ពាក្យបណ្តឹង ព្រោះថាក្រៅពីបានបោះពាក្យថា មិនឲ្យអ្នកនាង បានសុខមុនពេលចេញ ខណៈស្វាមីក្មេងរបស់អ្នកនាង ក៏ចេះធ្វើមន្តអាគមខ្មៅ តាមរយៈអំពើផ្សេងៗផងដែរ។
គួរបញ្ជាក់ថា តារាសម្តែងស្រីសម្បូរទេពកោសល្យដើរតួកាចឆ្នាស់ ស្រគត់ស្រគំ តួជាម្តាយដ៏ប៉ិនប្រសប់ និងជាម្ចាស់ពានរង្វាន់អាណាចក្រតារាពីរឆ្នាំជាប់គ្នា អ្នកនាង ស្វែង សុជាតា ជួបលាភធំនៅឆ្នាំ ២០១៥ នេះ ដោយបានក្លាយជាតួអង្គស្រីសម្តែងជាម្តាយនៃគ្រួសារមួយក្នុងខ្សែភាពយន្ដឆ្លុះបញ្ចាំងពីសម័យខ្មែរក្រហមរឿង «ដំបូងពួកគេសម្លាប់ប៉ារបស់ខ្ញុំ» ដែលដឹកនាំសម្តែងស្រីជាតារាហូលីវូដល្បីគឺអ្នកស្រី អេនជេលីណា ជោលី៕