កាលពីត្រីមាសទីពីរ ឆ្នាំ 2021 ក្រុមហ៊ុន Tesla នៅមានភាពជឿជាក់ថា រថយន្ត Cybertruck នឹងឈានដល់ដំណាក់កាលដំឡើងនៅក្នុងរោងចក្រ Austin រដ្ឋ Texas ក្រោយពីខ្សែច្រវាក់ផលិតកម្មសម្រាប់ស៊េរី Tesla Model Y បានចាប់ផ្ដើមដំណើរការ។ ប៉ុន្តែ ពេលនេះ Tesla បានខកសន្យាម្ដងទៀតហើយ។
ថ្មីៗនេះ Tesla Cybertruck បានជូនដំណឹងដល់អតិថិជនរបស់ពួកគេថា រថយន្តនេះនឹងត្រូវបានផលិតចាប់ពីឆ្នាំ 2022។ មនុស្សជាច្រើនមិនជឿថា Tesla អាចធ្វើបានតាមការសន្យានេះឡើយ។
Tesla Cybertruck ដែលជារថយន្តប្រភេទភីកអាប់ ត្រូវបានឧទ្ទេសនាមកាលពីខែវិច្ឆិកា ឆ្នាំ 2019 ហើយត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង ដោយសារតែរូបរាងដ៏ចម្លែករបស់វា ព្រោះមិនមានចំនុចណាដែលដូចទៅនឹងផលិតផលរបស់ក្រុមហ៊ុនដទៃ។ ក៏ប៉ុន្តែ 2 ឆ្នាំកន្លងទៅហើយ Tesla នៅតែមិនទាន់ធ្វើបានសម្រេចតាមផែនការ ខណៈ Ford F-150 ដែល «ចេញដំណើរក្រោយ» ប៉ុន្តែ «បានដល់គោលដៅមុន»។
ក្នុងរយៈពេលកន្លង មានព័ត៌មានជាច្រើនអះអាងថា Tesla Cybertruck ទទួលបានការបញ្ជាទិញរហូតដល់ជិត 1.25 លាននាក់ ប៉ុន្តែ ជោគជ័យរបស់ Tesla ត្រកូលភីកអាប់មួយនេះ នៅតែត្រូវគេសង្ស័យ ក្រោយពី CEO លោក Elon Musk ទទួលស្គាល់នៅលើ Twitter ថា រថយន្តនេះប្រហែលអាចក្លាយជាផលិតដែលមិនសូវជោគជ័យ ដោយសារវាមានកត្តាជាច្រើនដែលបង្កឱ្យមានភាពចម្រូងចម្រាស ពិសេសគឺជុំវិញរឿងរូបរាងមហាសែនចម្លែករបស់វា៕