កាលពីថ្ងៃទី 09 ខែសីហា ក្រសួងយុត្តិធម៌ កូរ៉េខាងត្បូង បានប្រកាសថា នឹងលើកលែងទោសដល់អនុប្រធាន និងជា «អ្នកស្នងមរតក» នៃក្រុមហ៊ុន Samsung លោក Lee Jae-yong នៅចុងសប្ដាហ៍នេះ។
នៅក្នុងប្រកាសមួយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Park Beom-kye បានលើកឡើងថា លោក Lee Jae-yong នឹងត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃទី 13 សីហា ក្នុងឱកាសទិវារំដោះជាតិ 15 សីហា។ រដ្ឋាភិបាល កូរ៉េខាងត្បូង តែងតែដោះលែងអ្នកទោសដោយមានលក្ខខណ្ឌ ឬលើកលែងទោសនៅក្នុងទិវានេះ ដើម្បីលើកកម្ពស់ស្មារតីសាមគ្គីជាតិ។ ការសម្រេចនេះ ត្រូវបានធ្វើលើកឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយរបស់គណៈកម្មការលើកលែងទោសនៃក្រសួងយុត្តិធម៌ កូរ៉េខាងត្បូង។ លោក Lee Jae-yong បានបំពេញកាតព្វកិច្ចតាមការណែនាំនានាដើម្បីអាចទទួលបានការលើកលែងទោស ក្រោយពីការអនុវត្តទោសរួចរាល់បាន 60%។
លោក Park Beom-kye បានឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ បញ្ហាសេដ្ឋកិច្ចទូទាំងសកលលោក រួមនឹងវិបត្តិ COVID-19 ត្រូវបានចាត់ទុកថាជាកត្តារួមចំណែកនាំឱ្យមានការចេញសេចក្ដីសម្រេចនេះ។
ប៉ុន្តែ យោងតាមច្បាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ លោក Lee Jae-yong នឹងមិនអាចត្រលប់ចូលធ្វើការនៅក្រុមហ៊ុន Samsung ក្នុងរយៈពេល 5 ឆ្នាំ។ ច្បាប់នេះ ហាមមិនឱ្យបុគ្គលដែលត្រូវបានកាត់ទោសពីបទពុករលួយ ឬខ្វះការទទួលខុសត្រូវលើទឹកប្រាក់ដែលលើសពី 500 លានវ៉ុន (436,300 ដុល្លារអាមេរិក) ធ្វើការក្នុងក្រុមហ៊ុនដែលជាប់ទាក់ទងនឹងអំពើខុសច្បាប់របស់ពួកគេ ក្នុងរយៈពេល 5 ឆ្នាំ រាប់ចាប់ពីថ្ងៃត្រូវបានដោះលែងពីពន្ធនាគារ។
កាលពីថ្ងៃទី 18 មករា ឆ្នាំ 2021 តុលាការកំពូលរបស់ទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសថា លោក Lee Jae-yong (អាយុ 52 ឆ្នាំ) ដែលជាអនុប្រធាននៃក្រុមហ៊ុន Samsung បានប្រព្រឹត្តអំពើសូកប៉ាន់អតីតប្រធានាធិបតី Park Geun-hye ដើម្បីទទួលបានការគាំទ្រពីរដ្ឋាភិបាលនៅក្នុងការស្នងមរតក និងដើម្បីទទួលបានការធានាលើសិទ្ធិគ្រប់គ្រង Samsung។ តុលាការក៏បានកាត់ទោសបុគ្គលដែលមានអំណាចខ្លាំងរបស់ Samsung រូបនេះ ឱ្យជាប់ពន្ធនាគាររយៈ 2 ឆ្នាំកន្លះ។
មុននេះ ក្រុមហ៊ុន Samsung រួមនឹងសភាពាណិជ្ជកម្មនិងឧស្សាហកម្ម របស់ កូរ៉េខាងត្បូង (Korea Chamber of Commerce and Industry) បានស្នើឱ្យមានការដោះលែងបណ្ដោះអាសន្ន ឬការលើកលែងទោសដោយប្រធានាធិបតី ដើម្បីជួយឱ្យលោក Lee Jae-yong អាចផ្ដោតលើការគ្រប់គ្រងក្រុមហ៊ុនធំបំផុតរបស់ប្រទេសនេះ ក្នុងគ្រាដែលសេដ្ឋកិច្ចក្នុងស្រុក និងពិភពលោក កំពុងជួបបញ្ហាដោយសារ COVID-19៕